កម្លាំងគណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាល១០ទីតាំងទៀត នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសជាង២០នាក់
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងចំនួន១០ (បិទជាបណ្ដោះអាសន្ន២ទីតាំង) រកឃើញជនបរទេសសរុបចំនួន២៣នាក់ (ស្រី១នាក់)។
ប្រតិបត្ដិការនេះ ក៏បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ ក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដបន្ទាយមានជ័យ។
របាយការណ៍របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ជនបរទេសទាំង២៣នាក់ រួមមាន៖ ជនជាតិចិនតៃវ៉ាន់ ២នាក់ និងម៉ាឡេស៊ី ២នាក់ ត្រូវបានបញ្ជូនទៅកាន់បញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត។ ជនជាតិចិន ១៧នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ ជនជាតិចិន ២នាក់ (ស្រីម្នាក់) មានឯកសារត្រឹមត្រូវ និងអនុញ្ញាតឱ្យស្នាក់នៅបន្ត។
សម្រាប់ទីតាំងទាំង១០កន្លែង រួមមាន៖
* ទីតាំងទី១ សណ្ឋាគារ កម្ពស់៩ជាន់ មាន៥៦បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ៖ ពុំមានជនបរទេស និងពុំមានសម្ភារៈសង្ស័យ។ ក្រុមការងារបានធ្វើការអប់រំ។
* ទីតាំងទី២ អគារ៣ជាន់ មាន២២បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ៖ ពុំមានជនបរទេស និងពុំមានសម្ភារៈសង្ស័យ។ ក្រុមការងារបានធ្វើការអប់រំ។
* ទីតាំងទី៣ (បិទជាបណ្ដោះអាសន្ន) ផ្ទះ២ល្វែង កម្ពស់២ជាន់ មាន៨បន្ទប់ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ដោយរកឃើញជនបរទេសចំនួន៤នាក់ (ប្រុស) ក្នុងនោះមានជនជាតិតៃវ៉ាន់២នាក់ និងម៉ាឡេស៊ី២នាក់។
នៅបន្ទប់ជាន់ទី១ មានទូដែកចំនួន១ ដែលមានផ្ទុកអាវុធខ្លីចំនួន៣ដើម រកឃើញសារធាតុញៀនជាច្រើនកញ្ចប់ និងមានរថយន្តមួយគ្រឿងចតនៅខាងមុខទីតាំង ដែលមានផ្ទុកទូរសព្ទ កុំព្យូទ័រយួរដៃ និងសម្ភារសង្ស័យមួយចំនួន ដែលជាសញ្ញាណនៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
ទាំងមនុស្ស រថយន្ត ទូរសព្ទ កុំព្យូទ័រយួរដៃ និងសម្ភារសង្ស័យមួយចំនួន ត្រូវបានប្រគល់ឱ្យបញ្ជាការដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីបន្តនីតិវិធី។
ក្រុមការងារ បានបិទទីតាំងជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងករណីប្រើប្រាស់អាវុធខុសច្បាប់។
* ទីតាំងទី៤ ផ្ទះ១ល្វែង ២ជាន់ មាន៣បន្ទប់ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត៖ មានជនជាតិចិនស្នាក់នៅចំនួន២នាក់ (ស្រី១នាក់)។ ពុំមានសម្ភារៈសង្ស័យ។ ក្រុមការងារបានធ្វើការអប់រំ។
* ទីតាំងទី៥ ផ្ទះ១ល្វែង មាន២បន្ទប់ ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ៖ រកឃើញជនជាតិចិន៦នាក់ (ប្រុស) ពុំមានលិខិតឆ្លងដែនជាប់ខ្លួន។ ទីតាំងពុំមានសម្ភារៈសង្ស័យ។
ជនបរទេសទាំងនេះ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្តនីតិវិធី។ សមត្ថកិច្ចជំនាញបន្តស្វែងរកម្ចាស់ទីតាំងដើម្បីអប់រំ និងផាកពិន័យ។
* ទីតាំងទី៦ ផ្ទះ១ល្វែង មាន២បន្ទប់ ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ៖ រកឃើញជនជាតិចិន៥នាក់ (ប្រុស) ពុំមានលិខិតឆ្លងដែនជាប់ខ្លួន។ ទីតាំងពុំមានសម្ភារៈសង្ស័យ។
ជនបរទេស ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្តនីតិវិធី។ សមត្ថកិច្ចជំនាញបន្តស្វែងរកម្ចាស់ទីតាំងដើម្បីអប់រំ និងផាកពិន័យ។
* ទីតាំងទី៧ ផ្ទះ១ល្វែង មាន២បន្ទប់ ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ៖ រកឃើញជនជាតិចិន៣នាក់ (ប្រុស) ពុំមានលិខិតឆ្លងដែនជាប់ខ្លួន។ ទីតាំងពុំមានសម្ភារៈសង្ស័យ។
ជនបរទេស ត្រូវបានបញ្ជូបទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្តនីតិវិធី។ សមត្ថកិច្ចជំនាញបន្តស្វែងរកម្ចាស់ទីតាំងដើម្បីអប់រំ និងផាកពិន័យ។
* ទីតាំងទី៨ ផ្ទះ១ល្វែង មាន២បន្ទប់ ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ៖ រកឃើញជនជាតិចិន២នាក់ (ប្រុស) ពុំមានលិខិតឆ្លងដែនជាប់ខ្លួន។ ទីតាំងពុំមានសម្ភារៈសង្ស័យ។
ជនបរទេស ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្តនីតិវិធី។ សមត្ថកិច្ចជំនាញបន្តស្វែងរកម្ចាស់ទីតាំងដើម្បីអប់រំ និងផាកពិន័យ។
* ទីតាំងទី៩ ផ្ទះ១ល្វែង មាន២បន្ទប់ ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ៖ រកឃើញជនជាតិចិន១នាក់ (ប្រុស) ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងពុំមានលិខិតឆ្លងដែនជាប់ខ្លួន។ ទីតាំងពុំមានសម្ភារៈសង្ស័យ។
ជនបរទេស ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្តនីតិវិធី។ ក្រុមការងារបានអប់រំម្ចាស់ទីតាំង ធ្វើកិច្ចសន្យា និងផាកពិន័យ។
* ទីតាំងទី១០ (បិទជាបណ្ដោះអាសន្ន) ផ្ទះ១ល្វែង មាន២បន្ទប់ ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ។ ក្រុមការងារ បានរកឃើញសម្ភារៈសង្ស័យជាច្រើនដែលរក្សាទុកនៅទីតាំង រួមមានទូរសព្ទចម្រុះច្រកក្នុងថង់ខ្មៅ និងដាក់ក្នុងកេសបិទជិតជាច្រើនកេស កុំព្យូទ័រ All-in-one កុំព្យូទ័រយួរដៃ និងធុងស៊ីភីយូមួយចំនួន។
ក្រុមការងារ បានដកហូតវត្ថុតាងរក្សាទុកនៅសាលាខេត្ត។ រថយន្ត១គ្រឿង យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត។






