ឯកឧត្ដម ឃួង ស្រេង អំពាវនាវឱ្យប្រជាពលរដ្ឋមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ
ភ្នំពេញ៖ ថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅ បានប្រកាសសាខាគណបក្ស ភ.ព ២៨, សាខាគណបក្ស គ.ព ២៩, និងបញ្ចូលសមាជិកគណបក្ស ចំនួន ៥៥២រូប ជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅមន្ទីរបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
ឯកឧត្ដមមានប្រសាសន៍ថា ការសម្រេចចិត្តរបស់បងប្អូន និងក្មួយៗទាំង៥៥២រូប ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះគណបក្សប្រជាជនកម្ពុជា បានលះបង់គ្រប់បែបយ៉ាង ទាំងការរំដោះប្រទេសជាតិ ចេញពីរបប ប៉ុល ពត និងបានស្តារប្រទេសជាតិ ចេញពីចំណុចសូន្យ ឱ្យមានការអភិវឌ្ឍន៍ រីកចំរើន ការដោះស្រាយបញ្ហាព្រំដែន និងការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ មិនរត់ចោលប្រជាពលរដ្ឋ នៅពេលមានទុក្ខលំបាកឡើយ។
ជាមួយគ្នានេះ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងពីវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាព និងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិ ចេញពីរបប ប៉ុល ពត និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ និងបានអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចំរើនរហូតមកដល់បច្ចុប្បន្ន។ បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែ ជាអ្នកដឹកនាំបន្តវេន មានចក្ខុវិស័យសម្រេចគោលដៅ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ ឬប្រទេសអ្នកមាននៅឆ្នាំ២០៥០។
ឯកឧត្ដម ឃួង ស្រេង បានសូមឱ្យប្រជាពលរដ្ឋមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសម្តេចបានយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ជាពិសេសការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពជោគជ័យ ស្របតាមយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» តាមរយៈការប្រកាន់យកនូវគោលជំហរដោះស្រាយ ដោយប្រើយន្តការច្បាប់អន្តរជាតិ និងការទូត សំដៅកាត់បន្ថយឱ្យបាន ជាអតិបរមា នូវផលប៉ះពាល់ដល់ប្រជាជន និងសង្គមជាតិទាំងមូល ហើយមកដល់ពេលនេះ យុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» បានធ្វើឱ្យគគ្រើកលើឆាកអន្តរជាតិ ដោយបានធ្វើឱ្យអន្តរជាតិ មើលឃើញច្បាស់ ពីការរំលោភឈ្លានពានបូរណភាពទឹកដីពីសំណាក់កងទ័ពថៃមកលើកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្ដម ឃួង ស្រេង សូមឱ្យប្រជាពលរដ្ឋទាំងអស់គ្នា រួមគ្នាឈរក្រោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សាមគ្គីគ្នាជាធ្លុងមួយ នោះប្រទេសកម្ពុជា នឹងរឹងមាំក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ និងសូមឱ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត ២០២៧-២០២៨ ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើនរុងរឿងបន្ថែមទៀត៕






