ដំណើរការប្រឡងសំណេរថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តកែប ប្រព្រឹត្តទៅដោយរលូន និងគ្មានបាតុភាពមិនប្រក្រតីឡើយ

កែប ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦– ដំណើរការប្រឡងសំណេរ ថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នៅខេត្តកែប បានប្រព្រឹត្តទៅដោយរលូន សណ្តាប់ធ្នាប់ល្អ និងគ្មានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។

នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកែប បានអញ្ជើញបើកវិញ្ញាសាររប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យ ប៉ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ខេត្តកែប។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រឡង ខិតខំសរសេរឱ្យបានល្អ និងត្រឹមត្រូវទៅតាមសំណួរនៃវិញ្ញាសា មុននឹងឆ្លើយសំណួរ ត្រូវអាន សិក្សា និងគិតពិចារណាឱ្យបានល្អិតល្អន់ ព្រមទាំងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ ជាមួយគ្នានេះ បេក្ខជនត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងប្រកាន់ខ្ជាប់នូវគោលការណ៍ «ចេះជាប់»។

សូមជម្រាបថា នៅខេត្តកែប ការប្រឡងត្រូវបានរៀបចំនៅទីតាំងវិទ្យាល័យ ប៉ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ដោយមានមណ្ឌលប្រឡងចំនួន ២ រួមមាន៖ ទី១. មណ្ឌលវិទ្យាល័យ ប៉ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស (ខាងជើង) សម្រាប់បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានអគារមួយខ្នង កម្ពស់៣ជាន់ ស្មើនឹង១៨បន្ទប់។ ទី២. មណ្ឌលវិទ្យាល័យ ប៉ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស (ខាងត្បូង) សម្រាប់បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានអគារមួយខ្នង កម្ពស់ ៤ជាន់ ស្មើនឹង ២៤បន្ទប់។ មណ្ឌលប្រឡងទាំងពីរ ស្ថិតនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

តាមការសង្កេតជាក់ស្តែង បេក្ខជនដែលបានចូលរួមប្រឡងទាំងអស់ បានគោរពតាមបទប្បញ្ញត្តិនៃការប្រឡង ដោយមិនមានការនាំយកសំណៅឯកសារ ឬឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡងឡើយ។

សម្រាប់ដំណើរការប្រឡងសំណេរនាព្រឹកថ្ងៃទី១ មានមុខវិជ្ជាចំនួន ២ គឺ ប្រវត្តិវិទ្យា និងជីវវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ផែនដី និងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ ដោយឡែក នៅរសៀលថ្ងៃទី១ មានមុខវិជ្ជាចំនួន ២ គឺ គីមីវិទ្យា និងភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ភូមិវិទ្យា និងភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។

សូមរំលឹកថា បើតាមទិន្នន័យនៅខេត្តកែប បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួនសរុប ៤៦នាក់ ក្នុងនោះស្រី ២១នាក់ និងគ្មានបេក្ខជនស្វ័យរិន។ ចំណែកបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួនសរុប ២៦៦នាក់ ក្នុងនោះស្រី ១៤៦នាក់ មានបេក្ខជនស្វ័យរិនចំនួន ១១នាក់ ក្នុងនោះស្រី ៩នាក់។ សម្រាប់បេក្ខជនអវត្តមាន គឺ គ្មាន៕

You might also like