បទវិចារណកថា៖ កម្ពុជាចង់ឱ្យសភាដើរតួនាទីកាន់តែសំខាន់ និងសកម្ម ដើម្បីការពារសន្តិភាព និងសណ្តាប់ធ្នាប់ពិភពលោកដែលកំពុងតែបែកបាក់
ខណៈដែលកម្ពុជាកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃ សន្និសីទប្រធានសភា នៃអន្ដរសភា លើកទី២(2nd Inter-Parliamentary Speakers’ Conference-ISC-2) ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ កម្ពុជាពិតជាចង់ឱ្យសភា និងព្រឹទ្ធសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសនានា កាន់តែមានតួនាទី និងសកម្មភាពរស់រវើកបន្ថែមទៀត ដើម្បីប្រកៀកស្មាជាមួយនឹងស្ថាប័ននីតិប្រតិបត្តិនៅក្នុងសាម៉ីប្រទេស ធានាឱ្យបាននូវការការពារសន្តិភាព និងសណ្តាប់ធ្នាប់នៅក្នុងប្រទេសខ្លួន ក៏ដូចជានៅលើពិភពលោកទាំងមូល។
សន្និសីទប្រធានសភា នៃអន្ដរសភា លើកទី២ នឹងប្រព្រឹត្តទៅនៅពេលដែលសហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងសម័យកាលដ៏ស្មុគស្មាញបំផុតមួយនៅក្នុងយុគសម័យប្រវត្តិសាស្ត្រថ្មីៗនេះ។ ជម្លោះប្រដាប់អាវុធ ការប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងការវិវត្តដ៏លឿននៃបច្ចេកវិទ្យា ពិតជាពេលវេលាដែលស្ថាប័ននីតិប្បញ្ញត្តិគួរតែពង្រឹង និងពង្រីកសកម្មភាពឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីធានាឱ្យប្រទេសនីមួយៗអាចរក្សាបាននូវសន្តិភាព និងសណ្តាប់ធ្នាប់ពិតប្រាកដ។
ក្រោមប្រធានបទ “សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួមគ្នា៖ ការពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី” គឺជាការឆ្លុះបញ្ចាំងនូវគោលបំណង និងឆន្ទៈពិតប្រាកដរបស់សភា និងព្រឹទ្ធសភាកម្ពុជា នៅពេលដែលខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ការទូតត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយតាមរយៈសកម្មភាពរបស់រដ្ឋាភិបាល និងក្រសួងការបរទេស ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមនាសម័យទំនើបទាមទារការចូលរួមកាន់តែទូលំទូលាយ។ អង្គសភា ក្នុងនាមជាតំណាងប្រជាជន បានកំពុងតែដើរតួនាទីមិនអាចខ្វះបានក្នុងការបង្កើតច្បាប់ ធានាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ការលើកកម្ពស់ការសន្ទនា និងការកសាងការគាំទ្រពីសាធារណជនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដូច្នេះការទូតសភាបានក្លាយជាការបំពេញបន្ថែមដ៏សំខាន់ចំពោះច្រកការទូតជាប្រពៃណី ដោយបង្កើតបណ្តាញបន្ថែមដែលបង្កើនការជឿទុកចិត្តរវាងគ្នានិងគ្នា ដើម្បីរក្សាសន្តិភាព និងសណ្តាប់ធ្នាប់ពិតប្រាកដនៅក្នុងប្រទេស តំបន់ និងពិភពលោក។
ជាការពិត ការបង្កើតនូវព្រឹត្តិការណ៍នេះឡើងកាលពីឆ្នាំ២០២៥ បានឆ្លុះបញ្ចាំងរួចហើយពីការទទួលស្គាល់កាន់តែខ្លាំងឡើងថា ស្ថាប័ននីតិប្បញ្ញត្តិពិតមានការរួមចំណែកដ៏មានអត្ថន័យក្នុងការជំរុញសន្តិភាព និងស្ថិរភាព។
ក្រៅពីសេចក្តីប្រកាសជាផ្លូវការ វេទិកានេះនឹងផ្តល់ឱកាសសម្រាប់មេដឹកនាំសភាមកពីប្រព័ន្ធនយោបាយ វប្បធម៌ និងតំបន់ផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរទស្សនៈ កំណត់អត្តសញ្ញាណផលប្រយោជន៍រួម និងលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការជាក់ស្តែង។ ការសន្ទនាបែបនេះប្រហែលជាមិនអាចដោះស្រាយជម្លោះភ្លាមៗបានទេ ប៉ុន្តែវាជួយបណ្តុះការយោគយល់គ្នាទៅវិញទៅមក ដែលជារឿយៗអវត្តមាននៅពេលដែលភាពតានតឹងកើនឡើង។
ការសង្កត់ធ្ងន់លើការពង្រឹងច្បាប់អន្តរជាតិគឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងយុគសម័យដែលត្រូវបានសម្គាល់ដោយផលប្រយោជន៍ជាយុទ្ធសាស្ត្រប្រកួតប្រជែង និងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងដូចសព្វថ្ងៃ។ ការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិនៅតែជាមូលដ្ឋានគ្រឹះដ៏គួរឱ្យទុកចិត្តបំផុតមួយសម្រាប់ការរួមរស់ដោយសន្តិភាពក្នុងចំណោមប្រជាជាតិ។ ការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ការដោះស្រាយជម្លោះដោយសន្តិវិធី និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិមិនមែនជាឧត្តមគតិអរូបីទេ។ ចំណុចសំខាន់ៗទាំងនេះ គឺជាការការពារដ៏សំខាន់ប្រឆាំងនឹងអស្ថិរភាពតំបន់ និង ពិភពលោក។ នៅពេលដែលគោលការណ៍ទាំងនេះត្រូវបានគាំទ្រជាប់លាប់ យន្តការនេះនឹងបង្កើតភាពអាចទស្សន៍ទាយបានកាន់តែច្រើន ហើយឈានដល់ការកាត់បន្ថយហានិភ័យនៃការប្រឈមមុខដាក់គ្នា និងលើកកម្ពស់លក្ខខណ្ឌអំណោយផលដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
សន្និសីទនេះក៏ត្រូវបានរំពឹងថា នឹងគូសបញ្ជាក់ពីសច្ចភាពដ៏ស្ថិតស្ថេរមួយផងដែរ គឺសន្តិភាព និងវិបុលភាព ដែលជាយន្តការមិនអាចកាត់ផ្តាច់ចេញពីគ្នាបានទេ។ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពមិនអាចរីកចម្រើនក្នុងអំឡុងពេលនៃជម្លោះបានទេ។ ជាសក្ខីកម្មពិត អស្ថិរភាពនឹងរំខានដល់ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខស្បៀង ការអភិវឌ្ឍ បញ្ហាប្រឈមសកល ដូចជាការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត ការគំរាមកំហែងតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មឆ្លងដែន មិនអាចដោះស្រាយបានដោយប្រសិទ្ធភាពដោយប្រទេសណាមួយដែលធ្វើសកម្មភាពតែម្នាក់ឯងនោះទេ។
តួនាទីរបស់កម្ពុជាជាម្ចាស់ផ្ទះមានសារៈសំខាន់ជានិមិត្តរូប ជាពិសេសចំពោះសន្តិភាព ទោះបីជាមកដល់ពេលនេះនៅតែមានប្រទេសមួយចំនួនមិនយល់ពីតម្លៃនៃសន្តិភាពយ៉ាងជ្រាលជ្រៅ ដែលកម្ពុជាកំពុងតែចង់បាន។ បន្ទាប់ពីកម្ពុជាបានស៊ូទ្រាំនឹងជម្លោះរាប់ទសវត្សរ៍មុនពេលសម្រេចបាននូវសន្តិភាពពេញលេញ និងស្ថិរភាពយូរអង្វែងតាមរយៈការផ្សះផ្សាជាតិ ចាប់ពីចុងឆ្នាំ១៩៩៨ មកដល់ពេលនេះ វាបង្ហាញពីរបៀបដែលសន្តិភាពផ្តល់នូវមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វឌ្ឍនភាពសេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកាត់បន្ថយភាពក្រីក្រ និងការចូលរួមលើឆាកអន្តរជាតិកាន់តែស៊ីជម្រៅ។
ភ្នំពេញសព្វថ្ងៃនេះមិនត្រឹមតែជារាជធានីរបស់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការរំលឹកថា សង្គមអាចងើបឡើងវិញពីការបែងចែក តាមរយៈការសន្ទនា ការសម្របសម្រួល និងការប្តេជ្ញាចិត្តជាបន្តបន្ទាប់ចំពោះឯកភាពជាតិ។
ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍នោះក៏ឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការទទួលខុសត្រូវកាន់តែខ្លាំងឡើងរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានក្លាយជាទីកន្លែងសម្រាប់ការសន្ទនាក្នុងតំបន់ និងសកល ដោយបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការចូលរួមចំណែកប្រកបដោយស្ថាបនាចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។ តាមរយៈការស្វាគមន៍ថ្នាក់ដឹកនាំសភាមកពីជុំវិញពិភពលោក កម្ពុជាកំពុងតែពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ការចូលរួមដោយសន្តិវិធី និងពង្រឹងភាពជាដៃគូដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។
យ៉ាងណាក៏ដោយ ភាពជោគជ័យនៃព្រឹត្តិការណ៍នេះ គួរតែត្រូវបានវាស់វែងមិនត្រឹមតែដោយគុណភាពនៃការពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសកម្មភាពដែលកើតឡើងជាបន្តបន្ទាប់ផងដែរ។ សេចក្តីប្រកាស និងសេចក្តីថ្លែងការណ៍មានតម្លៃយូរអង្វែង លុះត្រាតែបកប្រែទៅជាកិច្ចសហប្រតិបត្តិការនីតិប្បញ្ញត្តិជាក់ស្តែង ភាពជាដៃគូស្ថាប័នកាន់តែរឹងមាំ និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីគោរពបទដ្ឋានអន្តរជាតិ។
សរុបទៅ ការទូតសភាត្រូវតែបន្តហួសពីសាលសន្និសីទ ដោយលើកកម្ពស់ការផ្លាស់ប្តូរជាប្រចាំដែលរួមចំណែកដល់ការកសាងទំនុកចិត្ត និងដំណោះស្រាយជម្លោះដោយសន្តិវិធី។ មកដល់ពេលនេះប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ហើយថា សន្តិភាពដ៏យូរអង្វែងមិនអាចសម្រេចបានដោយប្រើកម្លាំងទ័ពនោះទេ។ វាត្រូវបានបង្កើតឡើងតាមរយៈការសន្ទនា ការគោរពចំពោះភាពចម្រុះ ការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងឆន្ទៈក្នុងការស្វែងរកចំណុចរួមទោះបីជាមានភាពខុសគ្នាក៏ដោយ។ នៅក្នុងពិភពលោកដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង ផលវិបាកនៃជម្លោះលាតសន្ធឹងហួសពីព្រំដែនជាតិ គោលការណ៍ទាំងនេះមានភាពពាក់ព័ន្ធជាងពេលណាៗទាំងអស់ ប៉ុន្តែយើងសង្ឃឹមថា សន្និសីទប្រធានសភា នៃអន្ដរសភា លើកទី២នេះ ជាឱកាសសម្រាប់ការចូលរួមផ្នែកការទូតរបស់សភាដើម្បីរួមដៃជាមួយនឹងរដ្ឋាភិបាលនៃប្រទេសដែលចូលរួម ដើម្បីរួបរួមគ្នារក្សាឱ្យបាននូវសុខសន្តិភាព។ សន្តិភាពតម្រូវឱ្យមានការប្តេជ្ញាចិត្តជាបន្តបន្ទាប់ពីរដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិ និងសង្គមដូច្នេះតាមរយៈការនាំយកមេដឹកនាំសភាមកជួបជុំគ្នាក្រោមចក្ខុវិស័យរួមនៃសាមគ្គីភាព ច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការដោយសន្តិវិធី អង្គសន្និសីទខាងមុខនឹងក្លាយជាឱកាសនៃការចូលរួមចំណែកដ៏មានអត្ថន័យចំពោះការស្វែងរកការរួមគ្នានៃពិភពលោកប្រកបដោយស្ថិរភាព សុវត្ថិភាព និងវិបុលភាពជាងមុន៕






