ខេត្តកណ្តាល មានបេក្ខជនប្រឡងបាក់ឌុបចំនួន ១៥១.២៣៨នាក់ ក្រោមការបើកវិញ្ញាសារដោយទេសរដ្ឋមន្ត្រី ឱម យិនទៀង

(កណ្តាល)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ឆ្នាំ២០២៦ នៅខេត្តកណ្ដាល ហើយពិធីបើកវិញ្ញាសារត្រូវបានធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមវត្តមានពីទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល។

ក្នុងអំឡុងពេលដំណើរការសំណេរនាព្រឹកនេះ គណៈកម្មការអនុរក្សបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសកម្មភាពឆែកឆេរ និងប្រមូលសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ផ្សេងៗពីបេក្ខជន ដើម្បីធានានូវភាពស្អាតស្អំនៃការប្រឡង។

សម្រាប់ឆ្នាំ២០២៦នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៥១.២៣៨ នាក់ (ស្រី ៨៤.៧៣៥ នាក់) ដែលក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣៧.៤៤៥ នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១១៣.៧៩៣ នាក់។

ការប្រឡងត្រូវបានរៀបចំឡើងនៅទូទាំង ២៤៤ មណ្ឌលសំណេរ ស្មើនឹង ៦.១០៤ បន្ទប់ ដោយបេក្ខជនចំនួន ២៥ នាក់ក្នុងមួយបន្ទប់។ ចំណែកឯមណ្ឌលកំណែវិញ មានចំនួន ១០ មណ្ឌល ស្ថិតនៅរាជធានីភ្នំពេញ។ ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសង្កត់ធ្ងន់ថា ដំណើរការប្រឡងនឹងប្រព្រឹត្តទៅដោយឈរលើគោលការណ៍ «ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន» ពោលគឺ «អ្នកចេះ គឺជាប់»។

លោកឧបនាយករដ្ឋមន្ដ្រី បានអំពាវនាវដល់បេក្ខជនទាំងអស់ឱ្យគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានម៉ឺងម៉ាត់ ជាពិសេសមិនត្រូវលាក់ទុកទូរស័ព្ទដៃ នាឡិកាឆ្លាតវៃ វ៉ែនតាឆ្លាតវៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌល ឬបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជនដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ គោលការណ៍នេះមានគោលបំណងធានាគុណភាពអប់រំ និងយុត្តិធម៌សម្រាប់បេក្ខជនទាំងអស់៕

You might also like