ព្យុះ Dolphin វាយលុកភាគខាងកើតប្រទេសចិន បង្ខំឱ្យលុបចោលជើងហោះហើរជាង ៩៤០ ជើងនៅសៀងហៃ
(ប៉េកាំង)៖ ភ្លៀងធ្លាក់យ៉ាងខ្លាំង និងព្យុះផ្គររន្ទះដែលបង្កឡើងដោយឥទ្ធិពលព្យុះទីហ្វុង Dolphin បានជន់លិចខេត្តជាច្រើននៅភាគខាងកើតប្រទេសចិន រួមទាំងទីក្រុងសៀងហៃ ដែលជាហេតុបង្ខំឱ្យអាកាសយានដ្ឋានលុបចោលជើងហោះហើរជិត ៤០ភាគរយ កាលពីថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ព្យុះ Dolphin គឺជាព្យុះទីហ្វុងដ៏ខ្លាំងបំផុតប្រចាំឆ្នាំនេះ ដែលបានបោកបក់ចូលខេត្តជឺជាំង (Zhejiang) កាលពីល្ងាចថ្ងៃអាទិត្យ ជាមួយនឹងល្បឿនខ្យល់អតិបរមា ១៥១គីឡូម៉ែត្រក្នុងមួយម៉ោង មុនពេលថយឥទ្ធិពលទៅជាព្យុះត្រូពិចវិញ។ ទោះជាយ៉ាងណា ពពកភ្លៀងរបស់វានៅតែបន្តបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតាមបណ្តាខេត្តភាគខាងកើត រួមមានអានហួយ (Anhui) ជាំងស៊ូ (Jiangsu) និងសានទុង (Shandong)។
នៅទីក្រុងសៀងហៃ ដែលជាទីក្រុងមានប្រជាជនច្រើនជាងគេទីពីររបស់ចិន ផ្លូវជាច្រើនរួមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ ត្រូវបានជន់លិច។ យោងតាមទូរទស្សន៍រដ្ឋ CCTV អាកាសយានដ្ឋានទាំងពីររបស់ទីក្រុងសៀងហៃ បានលុបចោលជើងហោះហើរសរុបចំនួន ៩៤៣ជើង។ ទន្ទឹមនឹងនេះ វីដេអូលើបណ្តាញសង្គមបានបង្ហាញពីទិដ្ឋភាពប្រជាពលរដ្ឋដើរក្នុងទឹកត្រឹមជង្គង់នៅតាមដងផ្លូវ ឯអាជ្ញាធរក្នុងស្រុក Jinshan បានណែនាំឱ្យផ្អាកអាជីវកម្ម សាលារៀន និងសេវាកម្មដឹកជញ្ជូនមិនចាំបាច់ជាបណ្តោះអាសន្ន។
ប្រជាពលរដ្ឋម្នាក់បានរៀបរាប់ថា «ខ្ញុំរស់នៅសៀងហៃ ១០ឆ្នាំហើយ នេះជាលើកទីមួយហើយដែលខ្ញុំជួបប្រទះការរំខាន និងទឹកជំនន់ដ៏ធំធេងដោយសារព្យុះទីហ្វុងបែបនេះ»។ ដោយឡែក អាជ្ញាធរក៏បានព្រមានផងដែរថា កម្រិតទឹកទន្លេចំនួន ៧៤កន្លែង នៅក្នុងអាងបឹងតៃហ៊ូ (Taihu) និងតំបន់ឆ្នេរនៃខេត្តជឺជាំង បានហក់ឡើងលើសកម្រិតប្រកាសអាសន្ន ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យទឹកជំនន់។
គួរបញ្ជាក់ថា ស្របពេលជាមួយគ្នានេះ ទីក្រុងប៉េកាំង ក៏បានប្រកាសការព្រមានពីភ្លៀងធ្លាក់ខ្លាំង និងត្រៀមរៀបចំយន្តការឆ្លើយតបគ្រោះទឹកជំនន់ ខណៈដែលទីក្រុងហុងកុង បែរជាបានកត់ត្រាថ្ងៃដែលក្តៅបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រទៅវិញ៕






