អ៊ីរ៉ង់អះអាងថា គ្មានហេតុផលអ្វីត្រូវបារម្ភចំពោះកិច្ចព្រមព្រៀងសន្តិសុខរវាង ប៉ាគីស្ថាន-តួកគីយ៉េ-អារ៉ាប៊ីសាអូឌីត នោះឡើយ

(ឌូបៃ)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេសម៉ាអ៊ីល បាកៃ (Esmaeil Baghaei) បានប្រកាសនៅថ្ងៃចន្ទថា អ៊ីរ៉ង់មិនមានហេតុផលណាមួយដែលត្រូវព្រួយបារម្ភថា កិច្ចព្រមព្រៀងសន្តិសុខថ្មីរវាងប្រទេសប៉ាគីស្ថាន តួកគីយ៉េ​ និងអារ៉ាប៊ីសាអូឌីត គឺសំដៅប្រឆាំងនឹងទីក្រុងតេហេរ៉ង់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក បាកៃ បានលើកឡើងថា កិច្ចព្រមព្រៀងនេះបានបង្ហាញពីការផ្លាស់ប្តូរផ្នត់គំនិតរបស់បណ្តាប្រទេសនៅក្នុងតំបន់ ក្នុងការស្វែងរកសន្តិសុខ ដោយងាកមកពឹងផ្អែកលើសមត្ថភាពខ្លួនឯងកាន់តែខ្លាំង ជាជាងការពឹងផ្អែកលើមហាអំណាចខាងក្រៅ។ លោកបានបន្ថែមថា «រាល់ផែនការទាំងឡាយណាដែលផ្អែកលើតថភាពភូមិសាស្ត្រនយោបាយ និងប្រវត្តិសាស្ត្រក្នុងតំបន់ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងកំណត់មុខសត្រូវ និងការគំរាមកំហែងបានត្រឹមត្រូវ គឺសុទ្ធតែមានឱកាសជួយពង្រឹងសន្តិសុខ ទប់ស្កាត់អស្ថិរភាព និងការរំលោភបំពានពីសត្រូវស៊ីយ៉ូនីស (អ៊ីស្រាអែល) និងសម្ព័ន្ធមិត្តរបស់ខ្លួន»៕

You might also like