សម្តេចប្រធានរដ្ឋសភា ចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពូនជ្រំ លើកកម្ពស់ទំនាក់ទំនងប្រជាជនកម្ពុជា-ឡាវ
បន្ទាប់ពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញដល់ទីក្រុងវៀងចន្ទន៍ លោកជំទាវ Sounthone Xayyachak អនុប្រធានរដ្ឋសភាឡាវ បានអញ្ជើញទទួលស្វាគមន៍ និងជួបពិភាក្សាអាហារពេលល្ងាចជូន គណៈប្រតិភូ ប្រកបដោយភាពស្និទ្ធស្នាល និងមានសមានទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ។
លោកជំទាវ Sounthone Xayyachak បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ នៅក្នុងឱកាសដែលប្រជាពលរដ្ឋឡាវកំពុងមានទុក្ខដ៏ក្រៀមក្រំនេះ។ វត្តមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានបង្ហាញពីចំណងមិត្តភាពជាប្រពៃណី និងជាបងប្អូននៃប្រទេសទាំងពីរ ដែលតែងតែជួយគ្នាទៅវិញទៅមកនៅគ្រាលំបាក និងមានទុក្ខ។
ជាមួយការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជូនថ្នាក់ដឹកនាំ និងប្រជាជនឡាវនៅក្នុងឱកាសនេះ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា មរណភាពរបស់ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាឡាវ មិនត្រឹមតែជាការបាត់បង់របស់មិត្តឡាវប៉ុណ្ណោះទេ នេះក៏ជាការបាត់បង់របស់កម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ជាថ្នាក់ដឹកនាំគំរូ បានដើរតួនាទីស្នូលក្នុងការពង្រឹងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសភា និងប្រទេសទាំងពីរ។ ដើម្បីជាការរំលឹកដល់វីរភាពរបស់ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន កម្ពុជានិងឡាវត្រូវបន្តពង្រឹងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងសភាយើងទាំងពីរឱ្យរឹតតែរឹងមាំបន្ថែមទៀត។
ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ជារដ្ឋបុរសឡាវដែលមានបទពិសោធខ្ពស់ និងបានលះបង់បញ្ញាញាណចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស ការអភិវឌ្ឍជាតិ ភាពរុងរឿង និងសុខុមាលភាពរបស់ប្រជាជនឡាវ។ ឯកឧត្តមបណ្ឌិត ជាថ្នាក់ដឹកនាំឡាវមួយរូបដ៏ឆ្នើម ដែលបានពូនជ្រំ និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អជាប្រពៃណីនៃប្រទេសទាំងពីរឡាវ-កម្ពុជា ជាពិសេសការលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ស្របតាមស្មារតីទំនាក់ទំនងនៃប្រទេសទាំងពីរ «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង»។
នៅព្រឹកថ្ងៃទី១១ ខែសីហា សម្តេចប្រធានរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ នឹងអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពរបស់ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ដែលកំពុងតម្កល់ប្រារព្ធពិធីបុណ្យផ្លូវរដ្ឋ នៅមជ្ឈមណ្ឌលសន្និបាតជាតិ នារដ្ឋធានីវៀងចន្ទន៍៕






