កម្ពុជា បន្តតវ៉ា និងប្រឆាំងយ៉ាងខ្លាំងចំពោះការរំលោភបំពានរបស់កងកម្លាំងថៃលើអធិបតេយ្យ និង​ទឹកដីកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និង​បូរណភាព​ទឹក​ដីកម្ពុជា តាមបណ្តោយព្រំដែន។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បាន​បន្ត​សាង​សង់​លេណដ្ឋានយោធាថ្មី ដោយរំលោភ​ចូល​ក្នុង​ទឹកដី​កម្ពុ​ជា​នៅ​តំបន់​ច្រក​ទ្វារ​អន្តរ​ជាតិ​ថ្ម​ដា ​ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លើសពីនេះ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ រាជ​រដ្ឋាភិបា​ល​ថៃ ​បានប្រកាសផែនការពង្រីកបណ្តាញអគ្គិសនីជាតិទៅកាន់តំបន់ប្រាសាទតាក្របី និង​ភ្នំ​៣៣៣។ សកម្មភាពទាំងនេះ គឺជាការ​ប៉ុនប៉ង​ពង្រឹង​ការ​កាន់​កាប់​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់​ពី​សំណាក់​ប្រទេសថៃ ដែលរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា និងកិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគីដែលមានស្រាប់ ស្តីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជា។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់​ជា​ថ្មី​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់​ខាត​ចំពោះ​ការ​រំលោភ​បំពាន​ជា​បន្ត​បន្ទាប់ និងកាន់តែខ្លាំងឡើងរបស់កងកម្លាំងប្រដាប់អាវុធថៃ ហើយ​សូម​បញ្ជាក់​ជា​ថ្មី​នូវ​ជំហរ​ដ៏​មុត​មាំថា​ តំបន់ដែលបានរៀបរាប់ខាងលើនេះ គឺស្ថិតនៅក្នុងដែនអធិបតេយ្យ​របស់​ព្រះ​រា​ជា​ណា​ចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់និងខណ្ឌសីមាដោយផែនទីមាត្រដ្ឋាន ១/២០០.០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀម ដោយ​អនុ​លោម​តាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។
ឯកឧត្ត​ម​បន្តថា សកម្មភាពដែលបានរៀបរាប់ខាងលើ គឺជាការរំលោភបំពានលើមាត្រា៥ នៃ​អនុស្ស​រណៈ​នៃការយោគយល់គ្នា រវាងប្រទេសទាំងពីរ ស្តីពីការវាស់វែង និង​ខណ្ឌ​សីមា​ព្រំ​ដែន​គោក ​(MoU ឆ្នាំ២០០០) ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និង​ចំណុច​ទី​១ ​នៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ រាជរដ្ឋា​ភិបាល​កម្ពុជា​សូម​គូស​បញ្ជាក់​សា​ជា​ថ្មី​ថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារ​ទឹក​ដី​ជា​ឯក​តោភាគី​របស់​ភាគីថៃ ហើយសកម្មភាពដែល​បាន​រៀបរាប់​ខាង​លើ​នឹង​មិន​ប៉ះ​ពាល់​ដល់​សិទ្ធិស្រប​ច្បាប់​ឬ​ជំហររបស់កម្ពុជាពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
ឯកឧត្តមបានថ្លែងថា កម្ពុជាទាមទារឱ្យថៃ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្ម​ភាព​ទាំង​អស់​នៅ​ក្នុងតំ​បន់​ដែល​បាន​រៀប​រាប់ខាងលើ ក៏ដូចជានៅតំបន់ផ្សេងទៀត ដែលត្រូវបានកាន់កា​ប់​ដោយ​ខុស​ច្បាប់​ដោយ​កង​កម្លាំង​ប្រដាប់អាវុធថៃ ចាប់តាំងពីឆ្នាំ២០២៥ មក ដើម្បីកាត់បន្ថយភាពតានតឹង ជំរុញ​កា​​រ​​ជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីសម្របសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅ​ស្តារ​ឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ នៅតាមបណ្តោយ​ព្រំដែន​។ កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជា​មួយ​ប្រទេស​ជិត​ខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀង​ទ្វេភាគី​ដែល​មាន​ស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំ​ដែន​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរដោយប្រើកម្លាំងនោះឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ជម្រើសក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តា​ម​រយៈការសន្ទនាការទូត ដោយផ្អែកលើច្បាប់អន្តរជាតិ គឺជាជម្រើសដ៏ត្រឹមត្រូវ និងល្អបំផុត ពី​ព្រោះ​ព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ​ដែល​ត្រូវ​បាន​កំណត់​ច្បាស់​លាស់​ដោយ​អនុ​សញ្ញា​ឆ្នាំ​១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង-សៀម ដោយមានផែន​ទី​កំណត់​ច្បាស់​លាស់ និង​ទទួល​ស្គាល់​ជាអន្តរជាតិ។ ដូច្នេះ គ្មានភាគីណាមួយអា​ច​​កែ​ប្រែ​ខ្សែ​ព្រំដែន​អន្ត​រជាតិ​ដោយ​ឯក​តោ​ភាគី​ទាំង​បំពានច្បាប់អន្តរជាតិ និងបំពានគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) បានឡើយ ហើយការប្រើកម្លាំងយោធាក៏មិនអាចដំណោះស្រាយបញ្ហាព្រំដែនបានដែរ។ រីឯការតវ៉ាផ្លូវការ គឺជាឯ​កសារ​គតិយុត្ត​ដ៏​សំខាន់​ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​ប្រឆាំង​នឹង​ការ​កាន់​កាប់​ខុស​ច្បាប់។

អ្នកនាំពាក្យបន្តថា ទាំងនេះគឺជាទឡ្ហីករណ៍ដ៏រឹងមាំដែលរាជរដ្ឋាភិបាល និង​ថ្នាក់​ដឹកនាំ​កម្ពុជា​ត្រូវ​ប្រកាន់​យក​ជម្រើសដោះស្រាយតាមការទូតដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និង​ខិត​ខំ​ចៀស​វាង​ជម្លោះប្រដាប់អាវុធ ហើយមិនដែលធ្វេសប្រហែសក្នុងការតវ៉ា។ ជម្រើសនេះ ក៏ស្រ​ប​ទៅ​នឹង​ជំហរ​របស់​សហគមន៍​អន្តរជាតិ​ដែល​កំពុង​ជំរុ​​ញ​ឱ្យ​មាន​ដំណោះស្រាយ​តាម​ផ្លូវ​ដែល​កម្ពុជាច​ង់​បាន​នេះ​ដែរ។ ដើម្បីឈានទៅសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបាន​និង​កំពុង​ធ្វើ​ការងា​រ​ការ​ទូត​យ៉ាង​សកម្ម ខណៈដែលសហគមន៍អន្តរជាតិ សារព័ត៌មានបរទេសធំៗ ក៏ដូចជាអ្នក​ស្រឡាញ់​សន្តិភាព និង​យុត្តិធម៌នៅលើពិភពលោក បានចេញមុខជាបន្ត​បន្ទា​ប់​និយាយ​ការ​ពិត​ពី​អំពើ​ឈ្លាន​ពាន ការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងការរំលោភបំពានសិទ្ធិជនភៀសសឹក​កម្ពុ​ជា​យ៉ាង​ធ្ងន់​ធ្ងរពីសំណាក់ប្រទេសថៃ។ និន្នាការនេះ កំពុងជំរុញឱ្យមាន​ដំណោះស្រាយ​ពិ​ត​ប្រាក​ដ​មួយ​នា​ពេល​ខាងមុខនេះ៕

You might also like