បេក្ខនារីម្នាក់នៅខេត្តក្រចេះ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ដោយសារជំងឺបានរើឡើង ក្នុងអំឡុងពេលប្រឡងនាពេលព្រឹកនេះ
(ក្រចេះ)៖ បេក្ខនារី អ៊ុយ ច័ន្ទពិសី ដែលកំពុងប្រឡងសំណេរវិញ្ញាសាគណិតវិទ្យា នៅមណ្ឌលវិទ្យាល័យខូវ ប៊ុនស៊ុន ក្រចេះក្រុង ខេត្តក្រចេះ បន្ទប់លេខ២០ ត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាម ទៅមន្ទីរពេទ្យក្រចេះ ដោយសារជំងឺរបស់នាងបានរើឡើង រហូតបណ្តាលឱ្យសន្លប់។
បេក្ខជន អ៊ុយ ច័ន្ទពិសី មានជំងឺប្រចាំកាយ និងខ្វះជាតិស្ករធ្ងន់ធ្ងរ។ វេលាម៉ោង ៨:៣៧នាទី ជំងឺរើឡើង រហូតសន្លប់ ហើយត្រូវបានក្រុមគ្រូពេទ្យបានដឹកបញ្ជូនទៅមន្ទីរពេទ្យក្រចេះដើម្បីសង្គ្រោះបន្ទាន់។
ជាមួយគ្នានេះ នៅមណ្ឌលប្រឡងដដែល បេក្ខនារីម្នាក់ឈ្មោះ ហ៊ីម ស៊ីវម៉ី ភេទស្រី បន្ទប់លេខ៥ បានជួបបញ្ហាសុខភាពដោយសារជំងឺគ្រុនឈាម។ បន្ទាប់ពីពិនិត្យ និងវាយតម្លៃរួច ប្រធានមណ្ឌលបានអនុញ្ញាតឱ្យបេក្ខជនរូបនេះ បន្តការប្រឡងនៅក្នុងបន្ទប់ពេទ្យ ដើម្បីធានាបានទាំងសុខភាព និងឱកាសក្នុងការប្រឡងរបស់នាង៕






