ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP

កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ ក្នុងជំហានជាយុទ្ធសាស្ត្រដើម្បីពង្រឹងកិច្ចគាំពារបរិស្ថានរួមជាមួយការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ ក្រសួងបរិស្ថាន និងក្រសួងពាណិជ្ជកម្ម បានប្រកាសចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) រួមគ្នាស្តីពី «ការជំរុញកិច្ចគាំពារគុណភាពបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម» នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ពិធីចុះហត្ថលេខានេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់រវាងស្ថាប័នទាំងពីរ ក្នុងការធានាថាដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវដើរទន្ទឹមគ្នាយ៉ាងជិតស្និទ្ធជាមួយកិច្ចគាំពារបរិស្ថាន ជាពិសេសការឆ្លើយតបទៅនឹងស្តង់ដារអន្តរជាតិ រួមទាំងប្រព័ន្ធអនុគ្រោះពន្ធបន្ថែម (GSP+) ដែលតម្រូវឱ្យមានការអនុវត្តយ៉ាងតឹងរ៉ឹងលើការការពារបរិស្ថាន អភិបាលកិច្ចល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ការជំរុញឱ្យមានការធ្វើធុរកិច្ចដោយសុច្ចរិតភាព និងការកសាងនូវភាពស្អាត ភាពបៃតងដោយចីរភាព តាមរយៈកិច្ចគាំពារបរិស្ថាន គឺជាយន្តការចម្បងដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានផ្តួចផ្តើមឱ្យមាន យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដោយមានសសរស្តម្ភ ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។
គួរជម្រាបជូនថា អនុស្សរណៈយោគយល់គ្នារវាងក្រសួងទាំងពីរ MoUនេះ មានសុពលភាព ៥ឆ្នាំ ដែលធ្វើឡើងក្នុងគោលបំណងការពារធុរកិច្ចស្មោះត្រង់ និងចាត់វិធានការលើក្រុមហ៊ុនល្មើស ដើម្បីឈានឆ្ពោះទៅឧស្សាហកម្មស្អាត បៃតងដោយចីរភាព។ ហើយមិនត្រឹមតែជាក្រដាសស្នាមប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃការបង្កើតឧបករណ៍គតិយុត្តិ និងយន្តការប្រតិបត្តិការដ៏មានប្រសិទ្ធភាពក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័នរដ្ឋទាំងពីរ ហើយក៏ជាសក្ខីភាពមួយបង្ហាញពីការរួមដៃគ្នាយ៉ាងពិតប្រាកដ រវាងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ការគាំពារបរិស្ថាន និងការបំពេញតាមកាតព្វកិច្ចកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចបៃតង និងចីរភាពសម្រាប់កម្ពុជា។

You might also like