សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ពិតមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាព លើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល (9th APPF-GH) ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រួមសហការជាមួយអង្គការសុខភាពពិភពលោក (WHO) ថា (ក្នុងការ)ធានាបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាព លើសេវាសុខាភិបាល ហើយថែមទាំងលើកកម្ពស់ការផ្តល់សេវាសុខាភិបាលដល់អ្នកដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បែបនេះនៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានគណៈប្រតិភូបរទេស ដែលបានចូលរួមកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រោយពីកិច្ចប្រជុំបានដំណើរការពេញមួយថ្ងៃប្រកបដោយលទ្ធផលផ្លែផ្កា និងខ្លឹមសារជ្រាលជ្រៅក្នុងការលើកកម្ពស់សុខភាពពលរដ្ឋ។
សម្តេចប្រធានរដ្ឋសភា ក៏បានសុំការអធ្យាស្រ័យពីបណ្តាគណៈប្រតិភូ ចំពោះការមិនបានចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំតាមការគ្រោងទុកកាលពីព្រឹកមិញ ដោយសារសម្តេចមានដំណើរទស្សនកិច្ចបន្ទាន់ទៅកាន់ប្រទេសឡាវ ដើម្បីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន (Xaysomphone Phomvihane) អតីតប្រធានរដ្ឋសភាឡាវ។
សភានៃព្រះរាជាណាចក្រកម្ពុជា រួមសហការជាមួយអង្គការសុខភាពពិភពលោក (WHO) បានរៀបចំកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ក្រោមប្រធានបទ «សេវាគ្របដណ្តប់សុខភាពជាសកល ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) និងបរិបទនៃការប្រែប្រួលអាកាសធាតុ» ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមរបស់គណៈប្រតិភូពីបណ្តាប្រទេសទាំង ១៥ នៅក្នុងវេទិកានេះ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ និងសមស្របបំផុតទៅនឹងកាលៈទេសៈបច្ចុប្បន្ន ពីព្រោះទាំងអស់គ្នាជាអ្នកតំណាងឱ្យប្រជាពលរដ្ឋ មានភារកិច្ចធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាពលើសេវាសុខាភិបាល ហើយថែមទាំងលើកកម្ពស់ការផ្តល់សេវាសុខាភិបាលដល់អ្នកដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុទៀតផង។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកវិស័យសុខាភិបាលជាអាទិភាពគន្លឹះក្នុងមូលធនមនុស្ស ក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល ការបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លង ព្រមទាំងការពង្រឹងសន្តិសុខសុខាភិបាល។
វត្តមានដ៏មានតម្លៃរបស់ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសទាំងអស់ បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃវេទិកាមួយនេះ ព្រមទាំងបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការគ្របដណ្តប់សុខភាពជាសកល ជាពិសេសក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានអញ្ជើញចូលរួមវេទិកាដ៏មានសារៈសំខាន់នេះ។ សម្តេចមានសង្ឃឹមមុតមាំថា នៅក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំនេះ គណៈប្រតិភូទាំងអស់នឹងផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធគ្នាយ៉ាងផុសផុល រួមទាំងការធ្វើទស្សនកិច្ចទៅកាន់ខេត្តកំពត របស់គណៈប្រតិភូ ផងដែរ ដើម្បីសិក្សាស្វែងយល់ពីការផ្តល់សេវាសុខភាពនៅថ្នាក់មូលដ្ឋាននៅកម្ពុជា នោះនឹងធ្វើឱ្យវេទិកាដំណើរការទៅដោយរលូន ទទួលបានជោគជ័យប្រកបដោយផ្លែផ្កាក្នុងការរួមគ្នាយ៉ាងសកម្មដើម្បីលើកកម្ពស់សុខភាពសកលជូនប្រជាពលរដ្ឋ៕

You might also like