ករណីឃាតកម្មនារីជាសង្សារ យកកាំបិតចាក់សម្លាប់បុរសម្នាក់ស្លាប់ សង្ស័យភ្លើងប្រច័ណ្ឌ
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុខណៈនារីជាសង្សារបានយកកាំបិតចុងស្រួចសម្លាប់ក្នុងថ្លុកឈាមក្នុងបន្ទប់ជួល។
ប្រភពពីសមត្ថកិច្ចខណ្ឌសែនសុខបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានភ្លាមកំលាំងនគរបាលប៉ុស្តិ៍និងអធិការខណ្ឌបានចុះទៅដល់ទីតាំងផ្ទាល់ហើយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ នារីជាសង្សារក្នុងករណី ដែលប្រើកាំបិតចុងស្រួច ចាក់ជនរងគ្រោះ ចំក្បាលពោះ បណ្តាលឲ្យស្លាប់ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៣ និង៣០នាទី ទៀបភ្លឺ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ។
ប្រភពពីសមត្ថកិច្ច ខណ្ឌសែនសុខបានឲ្យដឹងទៀតថាការឃាត់ខ្លួនជនសង្ស័យ០១នាក់ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
ជនសង្ស័យ មានឈ្មោះ ជឹម ស្រីអូន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) ។ ក្រោយពីសាកសួរចំលើយជនសង្ស័យនារីជាសង្សារបានឆ្លើយថា នៅមុនពេលកើតហេតុរូបនាងនិងបុរសខាងលើមានទំនាស់ពាក្យសំដីបន្តិចបន្ទូចដោយសារតែនាងបានដឹងរឿងថាបុរសជាសង្សារអាចលួចលាក់មានអ្នកផ្សេងធ្វើឲ្យនាងកើតការខឹងពិបាកចិត្តក៏សម្រេចយកកាំបិតចុងស្រួចបំណងចាក់សម្លាប់ខ្លួនប៉ុន្តែនៅពេលនោះបុរសជាសង្សារបានស្ទុះមកចាប់នាងប្រតាយប្រតប់គ្នាធ្វើឲ្យចុងកាំបិតជ្រុលមុតត្រូវពោះបុរសជាសង្សារបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
ដោយឡែកជនរងគ្រោះ ឈ្មោះ បុង សារិក ភេទប្រុស អាយុ៣៧ឆ្នំា ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ស្លាប់) ។
ជនសង្ស័យ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពបុរសខាងលើត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតខេត្តតាកែវ៕






