គ្រោះធម្មជាតិ នៅភាគខាងជើងថៃ ឈានដល់កម្រិតធ្ងន់ធ្ងរបំផុត, ចាប់ផ្តើមមានមនុស្សស្លាប់ហើយ
ខេត្ត Nan ភាគខាងជើងប្រទេសថៃ កំពុងជួបគ្រោះធម្មជាតិដ៏សាហាវ ដែលបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរទៅៗ ហើយក៏មានសេចក្តីរាយការណ៍ អំពីមនុស្សស្លាប់ជាបណ្តើរៗហើយដែរ។
តាមការផ្សាយរបស់ Amarin TV, គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ មនុស្សចំនួន២នាក់ ត្រូវបញ្ជាក់ថា បាត់ប់ជីវិតក្នុងគ្រោះទឹកជំនន់ និងបំណាក់ដី ដែលវាយប្រហារធ្ងន់ធ្ងរនៅស្រុក Pua។
នៅទីនោះ ក្រៅពីមនុស្សស្លាប់, ទឹកហូរបុកខ្លាំងដូចបាក់ទំនប់ ក៏កាត់ផ្តាច់ផ្លូវធ្វើចរាចរណ៍ បំបាក់ស្ពាន និងកម្ទេចផ្ទះសម្បែង បង្កផលប៉ះពាល់ដល់មនុស្ស ១៦ ០០០នាក់ នៃ ៨ ០០០គ្រួសារផងដែរ។
ទន្ទឹមនេះ ទីភ្នាក់ងារបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិថៃ បានចេញរបាយការណ៍ថា ភូមិចំនួន៦០ ក្នុង ៧ឃុំ នៃស្រុក Pua ត្រូវរងផលប៉ះពាល់។
ដោយសារតែសភាពការណ៍ធ្ងន់ធ្ងរ ស្រុកនេះបានប្រកាសអាសន្ន និងចេញការព្រមានពណ៌ក្រហម ប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ព្រមទាំងជម្លៀសខ្លួន ដោយសារទឹកឡើងកាន់តែខ្លាំង។
គ្រោះធម្មជាតិដ៏សាហាវនេះ គឺបណ្តាលមកពីព្យុះ ដែលបង្អុរទឹកភ្លៀងធ្លាក់ខ្លាំងដូចហែកមេឃ វាយប្រហារយ៉ាងដំណំលើខេត្តថៃ ជាប់ព្រំដែនឡាវ ហើយស្ថានភាពនឹងមិនធូរស្រាលឆាប់ៗនេះទេ។
ជុំវិញរឿងនេះ នាយករដ្ឋមន្ត្រីថៃ អានុទីន បានចេញបញ្ជាឲ្យដាក់ពង្រាយកម្លាំងប៉ូលិសទាហាន ព្រមទាំងកងសង្គ្រោះនិងក្រុមស្ម័គ្រចិត្ត ដើម្បីជួយពលរដ្ឋ ហើយឈរជើង២៤ម៉ោងលើ២៤ម៉ោង ត្រៀមខ្លួនជានិច្ច៕






