បងស្រីច្បងរាជិនីសំឡេង រស់ សេរីសុទ្ធា បានលាចាកលោកក្នុងវ័យ ៨៨ ឆ្នាំ

កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦ កន្លងទៅនេះ មហាជន និង អ្នកនៅក្នុងរង្វង់សិល្បៈ បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបានទទួលដំណឹងពីមរណភាពរបស់ លោកស្រី រស់ សាបឿន ជាបងស្រីបង្កើតរបស់រាជិនីសំឡេង រស់ សេរីសុទ្ធា។ តាមការជូនដំណឹងពីលោក លី មុនីឆាយា ជាចៅប្រុសបង្កើតរបស់លោកស្រី រស់ សាបឿន បានឱ្យដឹងថា ជីដូន ដែលជាបងស្រីបង្កើតរបស់ជិនីសំឡេង រស់ សេរីសុទ្ធា បានទទួលមរណភាពនៅម៉ោង ៧ និង ៤២ នាទី យប់ ថ្ងៃទី ១៩ សីហា នៅគេហដ្ឋានស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងជន្មាយុ ៨៨ ឆ្នាំ ដោយជរាពាធ។
បច្ចុប្បន្ន ពិធីបុណ្យសពរបស់លោកស្រី រស់ សាបឿន បាន និង កំពុងរៀបចំឡើងនៅក្នុង​វត្ត​ដំរី​ស ភូមិ​កម្មករ​ ឃុំ​ស្វាយ​ប៉ោ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង។

គួរជម្រាបថា លោកស្រី រស់ បឿន គឺជាបងស្រីបង្កើតរបស់រាជិនីសំឡេង រស់ សេរីសុទ្ធា ដែលលោកស្រី គឺជាកូនច្បងនៅក្នុងគ្រួសារ និង មានបងប្អូនបង្កើតចំនួន ៥ នាក់។ ក្នុងនោះដែរ រាជិនីសំឡេង រស់ សេរីសុទ្ធា គឺជាកូនទី ៤។
បន្ថែមពីនោះ សម្រាប់បងប្អូនបង្កើតផ្សេងទៀតរបស់រាជិនីសំឡេង រស់ សេរីសុទ្ធា រួមមានបងប្រុសទី ២ ឈ្មោះ រស់ សាបឿត, បងប្រុសទី ៣ ឈ្មោះ រស់ សុគន្ធ និង ប្អូនស្រីពៅឈ្មោះ រស់ សេរីសោភ័ណ្ឌ ឬ រស់ សោភ័ណ្ឌ។
បងប្រុសទី ២ រាជិនីសំឡេង រស់ សេរីសុទ្ធា គឺ លោក រស់ សាបឿត កំពុងស្ថិតក្នុងវ័យចាស់ជរា រស់នៅឯក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង ខណៈ បងប្រុសទី ៣ គឺ លោក រស់ សុគន្ធ បានទទួលមរណភាពកាលសម័យមុនបាត់ទៅហើយ។ រីឯប្អូនស្រីពៅ គឺលោកស្រី រស់ សេរីសោភ័ណ្ឌ ដែលមានឈ្មោះពិត រស់ សោភ័ណ្ឌ ក៏បានដើរតាមគន្លងបងស្រី រស់ សេរីសុទ្ធា ជាតារាចម្រៀងដូចគ្នា ប៉ុន្តែកូនស្រីពៅ នៃគ្រួសារត្រកូល «រស់» រូបនេះ ក៏បានបាត់ខ្លួនដូចគ្នាចាប់តាំងពីរបបខ្មែរក្រហមបានឡើងគ្រប់គ្រង ដោយត្រូវបានគេជឿថា លោកស្រីបានបាត់បង់ជីវិតនៅក្នុងរបបដ៏ខ្មៅងងឹតនោះហើយ៕

You might also like