រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដើម្បីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ កាន់តែមានប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញបន្តដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បានធ្វើវិសោធនកម្មលើមាត្រាចំនួន ៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ មាន មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ និងមាត្រា៣៨ ឱ្យស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តពង្រឹងប្រសិទ្ធភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាតម្រូវការចាំបាច់ដើម្បីធានាឱ្យការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មានឯកភាព ប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់ជាងមុន។
វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មានគោលបំណងសំខាន់ៗដូចជា ធានាឱ្យការកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ មានភាពសមស្របជាមួយលទ្ធផលនៃការបោះឆ្នោត ស្របនឹងឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ធានាឱ្យមានឯកភាព និងភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តការងាររដ្ឋបាលនៅថ្នាក់មូលដ្ឋាន ជាដើម។
ក្រោយពីបានពិភាក្សាតាមនីតិវិធី អង្គរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ជាឯកច្ឆន្ទ នៃចំនួនសមាជិករដ្ឋសភាដែលបានចូលរួមប្រជុំ៕






