កាណាដា និងអាមេរិក៖ ប្រទេសទាំងពីរកំពុងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែព័ត៌មានលម្អិតនៅតែមិនច្បាស់លាស់
ប្រទេសកាណាដា និងសហរដ្ឋអាមេរិក កំពុងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលរំពឹងទុកយ៉ាងខ្លាំង ដោយប្រធានាធិបតី Donald Trump និងនាយករដ្ឋមន្ត្រីលោក Mark Carney បានអួតថា វាជាជោគជ័យ។
លោកTrump បានប្រកាសកាលពីយប់ថ្ងៃអង្គារ ១៨សីហាសប្ដាហ៍នេះថា លោកនឹងផ្អាករយៈពេលបីថ្ងៃលើពន្ធថ្មី៥០% ដែលនឹងត្រូវចូលជាធរមានលើទំនិញកាណាដាកាលពីថ្ងៃពុធ១៩សីហាសប្ដាហ៍នេះ ដោយនិយាយថា ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយ។
លោក Trump បាននិយាយថា កិច្ចព្រមព្រៀងដែលបានស្នើឡើងនឹងត្រូវបានស្វាគមន៍ដោយកសិករ និងក្រុមហ៊ុនផលិតអាមេរិក ខណៈលោក Carney បាននិយាយថា វានឹងធានាបាននូវលក្ខខណ្ឌល្អបំផុត សម្រាប់វិស័យយុទ្ធសាស្ត្ររបស់ប្រទេសកាណាដា និងផ្តល់នូវភាពច្បាស់លាស់លើអនាគតនៃពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកាណាដា។
ក្រុមអ្នកចរចាពាណិជ្ជកម្មបានជួបប្រជុំគ្នាកាលពីថ្ងៃពុធជាលើកទីបីក្នុងរយៈពេលជាច្រើនថ្ងៃ បន្ទាប់ពីលោក Trump បានផ្អាករលកពន្ធថ្មីដែលលោកបានគំរាមដាក់លើទំនិញកាណាដាជាច្រើនប្រភេទពេញមួយយប់។ប៉ុន្តែព័ត៌មានលម្អិតអំពីអ្វីដែលកិច្ចព្រមព្រៀងនេះគ្របដណ្តប់ សម្បទានអ្វី ដែលភាគីទាំងពីរបានធ្វើ និង អ្វីដែលនៅតែត្រូវដោះស្រាយ នៅតែមិនច្បាស់លាស់។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធ បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៤៥ នាទីជាមួយសមភាគីកាណាដារបស់លោក តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក ជេមីសុន ហ្គ្រៀរ (Jamieson Greer) បាននិយាយថា ជនជាតិអាមេរិក សប្បាយចិត្តខ្លាំងណាស់ ហើយកិច្ចព្រមព្រៀងនេះលុបបំបាត់ការរំខានមួយចំនួន ដែលសហរដ្ឋអាមេរិកមានជាមួយកាណាដា។
លោក Greer ថ្លែងថា ពួកលោកមានអារម្មណ៍ជឿជាក់ថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយដែលមិនត្រឹមតែបន្តការពារកម្មករអាមេរិក ការងារអាមេរិក ខ្សែច្រវាក់ផ្គត់ផ្គង់អាមេរិក ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសេដ្ឋកិច្ចអាមេរិកខាងជើងទៀតផង៕






