ឃាត់ខ្លួនជនសង្ស័យ ចំនួន ៩នាក់ ជាមុខសញ្ញាចោរលួចកាត់ខ្សែភ្លើងជាញឹកញាប់ បញ្ជូនទៅតុលាការចាត់ការតាមច្បាប់

ខេត្តឧត្តរមានជ័យ÷មន្ត្រីនគរបាលស្រុកអន្លង់វែងឱ្យដឹងនៅថ្ងៃទី២០ខែសីហានេះថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៦-០០នាទីមានករណីលួចកាត់ខ្សែភ្លើង និងលួចម៉ាស៊ីនគោយន្តកើតឡើងចំណុចផ្ទះជនរងគ្រោះ នៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលបង្កឡើងដោយជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ។ នៅពេលកំពុងធ្វើ សកម្មភាពត្រូវបានម្ចាស់ផ្ទះទៅទាន់ ជនសង្ស័យក៏រត់ចូលព្រៃខាងក្រោយផ្ទះបាត់។

ភ្លាមៗនោះអធិការនគរបាលស្រុក ទទួលព័ត៌មានបាន និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងការដឹក នាំពី លោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌអធិការនគរបាលស្រុក បានដឹកនាំកម្លាំងចុះឡោមព័ទ្ធ និងចាត់វិធានការជំនាញ ពួនស្ទាក់ ដេញចាប់ជនសង្ស័យបានឈ្មោះ ប៊ុន លីធីប ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ និងដកហូតម៉ូតូ ១គ្រឿង ដែលជនសង្ស័យខ្ចីគេជិះធ្វើសកម្មភាព។
បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានចូលលួចនៅទីតាំងខាងលើនេះពិតមែនហើយក៏ធ្លាប់លួចកាត់ខ្សែភ្លើង នៅកន្លែងផ្សេងៗទៀតផងដែរ។ បន្ទាប់មកឲសមត្ថកិច្ចបានស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនជនសង្ស័យ និងបក្សពួកជា បន្តបន្ទាប់បាន៨នាក់ទៀត សរុបទាំងអស់ ៩នាក់ ដែលបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង និងលួចរបស់របរផ្សេងៗរបស់ប្រជាពលរដ្ឋ ក្នុងស្រុកអន្លង់វែង កាលពីពេលកន្លងមកមានឈ្មោះដូចខាងក្រោម ៖
១- ឈ្មោះ ចក់ ដេវីត ភេទ ប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិ ស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
២- ឈ្មោះ រី រដ្ឋា ភេទ ប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
៣- ឈ្មោះ សឿន វិស័យ ( ហៅតឿតូច ) ភេទ ប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ
៤- ឈ្មោះ យ៉ា រី ភេទ ប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
៥- ឈ្មោះ ឈី ប៊ុនស្រេង ភេទ ប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិយាងខាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
៦- ឈ្មោះ តាំង កុសល់ ( ហៅតឿធំ ) ភេទ ប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
៧- ឈ្មោះ ស៊ូ ចន្នី ភេទ ប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិ ត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
៨- ឈ្មោះ ចំរើន រស្មី ( ហៅ ឡុង ) ភេទ ប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

តាមការស្រាវជ្រាវ និងចម្លើយសារភាពក្រុមជនសង្ស័យទាំង ៩នាក់ ខាងលើនេះជាមុខសញ្ញាសកម្មធ្លាប់លួចកាត់ខ្សែភ្លើង និងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាញឹកញាប់ នៅក្នុងស្រុកអន្លង់វែងកន្លងមក ហើយក៏ជាមុខសញ្ញាប្រើប្រាស់ចែកចាយសារធាតុញៀន ផងដែរ ។
** វត្ថុតាងដកហូតបានរួមមាន ៖
+ ម៉ូតូ ១គ្រឿង ម៉ាកហុងដាទ្រីម ព៌ណខ្មៅពាក់ផ្លាកលេខ កែប 1B 9296 លេខតួ លេខម៉ាសុីន 0187880 ( របស់ជនសង្ស័យខ្ចីគេជិះធ្វើសកម្មភាព )
+ កន្ត្រៃ ដែកដកដែកគោល ដង្កាប់ ញញួរ ណ្តៀវ សោរមួយចំនួន ខ្សែភ្លើងមួយចំនួន ម៉ាស៊ីនគោយន្ត១ ម៉ូទ័របាញ់ខ្យល់១ ។
ជនសង្ស័យ បានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

You might also like