បង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ មួយកន្លែង នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះញែក សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសិប្បកម្មកែច្នៃផល និងអនុផលព្រៃឈើខុសច្បាប់ចំនួន ០១កន្លែង ។
​ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោក សី ទូច អភិបាលស្រុកកោះញែក ដោយមានការដឹកនាំផ្ទាល់ពី លោក សា ស្លឹម អភិបាលរងស្រុក និងជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រួមជាមួយ លោក វណ្ណៈ នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី។ ទីតាំងដែលត្រូវបានចុះបង្ក្រាបនោះ ស្ថិតនៅក្នុងភូមិអបួន ឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
វត្ថុតាងដែលត្រូវបានរឹបអូសរួមមាន៖
តាបឈូសឈើ៖ ចំនួន ០១គ្រឿង
ម៉ាស៊ីនគោយន្ត៖ ចំនួន ០១គ្រឿង
ឌីណាម៉ូភ្លើង៖ ចំនួន ០១គ្រឿង
ឈើអារប្រភេទលេខ១ (សុក្រម)៖ ចំនួន ៣២សន្លឹក (មិនទាន់វាស់វែងបរិមាណ)
​ផ្អែកតាមរបាយការណ៍សមត្ថកិច្ច មុនឈានដល់ការរឹបអូស ក្រុមការងារបានចុះពិនិត្យទីតាំងដំបូង ឃើញមានរោងប្រក់តង់ពណ៌បៃតង និងមានកំទេចអាជ្ញរណាភ្លើងកំពុងឆេះ ប៉ុន្តែពុំឃើញមានវត្ថុតាងឡើយ។ បន្ទាប់មក ក្រុមការងារបានបន្តទៅកាន់ទីតាំងទី២ ដែលមានរោងប្រក់តង់ឆ្នូត (ខ្មៅ, ស, ផ្ទៃមេឃ) និងបានរកឃើញវត្ថុតាងខាងលើជាបន្តបន្ទាប់។ ការចុះពិនិត្យជាក់ស្តែងតាមកូអរដោនេ (និយាមកា) របស់សារព័ត៌មាន បង្ហាញថាទីតាំងទាំងពីរនេះជាទីតាំងតែមួយ។
​ពាក់ព័ន្ធនឹងករណីនេះ ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅក្នុងមូលដ្ឋានស្រុកកោះញែក មានរោងសិប្បកម្មកែច្នៃឈើជិត ១០កន្លែងកំពុងលួចលាក់ធ្វើសកម្មភាព ខណៈដែលមានមន្ត្រីរដ្ឋបាលព្រៃឈើ លោក ឆន សិរីវុធ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រែសង្គម-ណងឃីលី ប្រចាំការនៅតំបន់នោះ។ ករណីនេះបានចោទជាសំណួរពីមហាជនថា ហេតុអ្វីបានជាមន្ត្រីជំនាញប្រចាំការនៅទីនោះ មិនបានដឹង ឬចាត់វិធានការឱ្យបានទាន់ពេលវេលា ទើបតែឈានដល់ការបង្ក្រាបនាពេលនេះ?
​ទោះជាយ៉ាងណាក៏ដោយ លោក សី ទូច អភិបាលស្រុកកោះញែក បានអះអាងយ៉ាងម៉ឺងម៉ាត់ថា អាជ្ញាធរនឹងបន្តស្រាវជ្រាវ និងបង្ក្រាបរោងសិប្បកម្មកែច្នៃឈើខុសច្បាប់ដែលនៅសេសសល់ទាំងអស់ក្នុងមូលដ្ឋានឱ្យអស់ ដោយមិនមានការលើកលែងឡើយ។
​ វត្ថុតាងដែលដកហូតបាន ត្រូវបានសមត្ថកិច្ចដឹកជញ្ជូនយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

You might also like