ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា អញ្ជើញទស្សនកិច្ចស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅខេត្តបាត់ដំបង

បាត់ដំបង៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញទស្សនកិច្ចស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង។ដំណើរទស្សនកិច្ចនេះមានការអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង,ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍,ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម អ៊ុយ រីប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរ អង្គភាពមួយចំនួនទៀត។
ឯកឧត្តម សុខ លូ បានធ្វើបទបង្ហាញជូនដល់គណៈប្រតិភូអំពីលក្ខណៈភូមិសាស្រ្ត និងប្រជាសាស្រ្ត,សក្ដានុពលរបស់ខេត្ត,កត្តាអំណោយផលសម្រាប់ការវិនិយោគ,កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយសាធារណៈរដ្ឋប្រជាមានិតចិន និងតម្រូវការវិនិយោគបន្ថែម។
ឯកឧត្តម សង្កត់ធ្ងន់ថា ខេត្តបាត់ដំបងគឺជាជង្រុកស្រូវ និងជាប៉ូលសេដ្ឋកិច្ចកសិកម្មដ៏សំខាន់បំផុតមួយរបស់កម្ពុជា។ផ្អែកលើភូមិសាស្រ្តដីមានជីជាតិ ប្រព័ន្ធធារាសាស្រ្ត និងការតភ្ជាប់ព្រំដែនគឺជាកាលានុវត្តភាពគន្លឹះក្នុងការអភិវឌ្ឍវិស័យកសិកម្មរួមមានការកែច្នៃស្រូវ អង្ករ និងកសិផលផ្សេងៗទៀត,វិស័យឧស្សាហកម្មដែលបាននិងកំពុងផ្លាស់ប្ដូរមុខមាត់ថ្មីពីឧស្សាហកម្មបែបសិប្បកម្មគ្រួសារ ទៅជាប៉ូលឧស្សាហកម្មកែច្នៃ និងផលិតកម្មទំនើបប្រចាំតំបន់ភូមិភាគពាយ័ព្យ,វិស័យរ៉ែ និងវិស័យទេសចរណ៍។
ឯកឧត្តម សង្កត់ធ្ងន់ថា កត្តាអំណោយផលសម្រាប់ការវិនិយោគ គឺខេត្តបាត់ដំបងមានប្រព័ន្ធធារាសាស្រ្តចំនួន១០៨កន្លែង,ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹក,ប្រព័ន្ធអគ្គិសនី,បណ្ដាញទឹកស្អាត និងមានកម្លាំងពលកម្មច្រើន។
ឯកឧត្តម សុខ លូ បញ្ជាក់ថា ខេត្តបាត់ដំបងមានតម្រូវការវិនិយោគលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសលើការកែច្នៃផ្លែឈើ ចំណីសត្វ ចិញ្ចឹមសត្វ ,វិស័យទេសចរណ៍,ការអភិរក្សតំបន់វប្បធម៌ និងការពារធនធានធម្មជាតិ និងការរៀបចំក្រុងបាត់ដំបងឱ្យក្លាយជាទីក្រុងស្អាត។
ក្រោយពីបញ្ចប់ការស្ដាប់បទបង្ហាញរបស់ឯកឧត្តម សុខ លូ ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង គណៈប្រតិភូបានអញ្ជើញទស្សនកិច្ចនៅសាលាបឋមសិក្សាឃុំជ្រៃ ស្រុកថ្មគោល ,រោងម៉ាស៊ីនកិនស្រូវឡាយសែ ស្រុកថ្មគោល,ក្រុមហ៊ុនមីសូតា ហ្វូដ ខេមបូឌា ដែលជាសហគ្រាសធុនតូចនិងមធ្យមរបស់កម្ពុជានៅក្រុងបាត់ដំបង និងទស្សនកិច្ចនៅទំនប់ពហុបំណងសេកសក ស្រុករតនមណ្ឌល៕

You might also like