កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ខ្លួនជនបរទេស ៣៥នាក់

(ព្រះសីហនុ)៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាលពីវេលាម៉ោង ២៣:៣០នាទី យប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅទីតាំងសណ្ឋាគារ ឈុនអុី កម្ពស់២២ជាន់ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញដពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ ព្រមទាំងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។
កម្លាំងជំនាញមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ចំនួន ២០នាក់ ដឹកនាំដោយ លោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យឆែកឆេរទីតាំងខាងលើ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនបរទេសសរុបចំនួន ៣៥នាក់ ក្នុងនោះមានស្រី ០៤នាក់។
ជនបរទេសទាំងនោះរួមមាន ជនជាតិឥណ្ឌា ០១នាក់ (ប្រុស), ជនជាតិប៉ាគីស្ថាន ០២នាក់ (ស្រី), ជនជាតិចិនតៃវ៉ាន់ ០១នាក់ (ប្រុស) និងជនជាតិចិន ៣១នាក់ (ស្រី ០២នាក់)។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាច្រើន រួមមាន៖ កំព្យូទ័រយួរដៃ (laptop) ចំនួន ១៣គ្រឿង, កំព្យូទ័រលើតុ All in one ចំនួន ២៨គ្រឿង, ទូរសព្ទដៃផ្ទាល់ខ្លួន ចំនួន ៤០គ្រឿង, ទូរសព្ទពាក់ព័ន្ធនឹងករណីឆបោក (Scams) ចំនួន ៥៥គ្រឿង និងលិខិតឆ្លងដែន ចំនួន ១០ក្បាល។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនមកការិយាល័យជំនាញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ជាបន្តបន្ទាប់។

You might also like