បាញ់សម្លាប់យុវជនម្នាក់នៅស្រុកបាទី! នគរបាលបំបែកសំណុំរឿង ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងដកហូតអាវុធ

(តាកែវ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតបំបែកសំណុំរឿងបាញ់ប្រហារបណ្ដាលឱ្យយុវជនម្នាក់ស្លាប់នៅស្រុកបាទី និងឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់។

ករណីនេះបានកើតឡើងនៅ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដោយជនសង្ស័យមួយក្រុមបានប្រើអាវុធវែងប្រើគ្រាប់ប្រភេទវ៉ាងឡុង បាញ់ទៅលើជនរងគ្រោះឈ្មោះ គីម វិច្ឆិកា ភេទប្រុស អាយុ២១ឆ្នាំ បណ្ដាលឱ្យរងរបួសធ្ងន់ និងស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានសហការជាមួយសមត្ថកិច្ចខេត្តតាកែវ បើកការស្រាវជ្រាវតាមជំនាញ និងនីតិវិធី រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងរបស់ជនសង្ស័យ។
នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៦៖០០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈឹម ឌុន ភេទប្រុស អាយុ៣៤ឆ្នាំ នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បន្ទាប់មក នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៦ បក្ខពួក២នាក់ទៀត គឺ ឈ្មោះ រី រតនា ភេទប្រុស អាយុ១៦ឆ្នាំ និង សុភ័ក្ត ផាត់យ៉ា ភេទប្រុស អាយុ២០ឆ្នាំ បានចូលសារភាពកំហុសនៅអធិការដ្ឋាននគរបាលស្រុកបាទី។
ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន អាវុធវែងប្រើគ្រាប់ប្រភេទវ៉ាងឡុង ១ដើម និងម៉ូតូ Honda Dream FI ឆ្នាំ២០១២ ចំនួន១គ្រឿង។
តាមការសាកសួរ ជនសង្ស័យបានសារភាពប្រហាក់ប្រហែលគ្នាថា ពួកខ្លួនពិតជាបានប្រើអាវុធបាញ់ទៅលើជនរងគ្រោះប្រាកដមែន ដោយអះអាងថា ក្រុមជនរងគ្រោះបានជិះម៉ូតូដេញវាយពួកខ្លួនមុន ទើបឈានដល់ការបាញ់ប្រហារនេះ។ ក្រោយធ្វើសកម្មភាព ឈ្មោះ ឈឹម ឌុន បានយកអាវុធទៅលាក់ទុកនៅផ្ទះរបស់ខ្លួន ខណៈម៉ូតូត្រូវបានយកទៅលាក់ទុកនៅទីតាំងមួយក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់។
ករណីនេះជាសារព្រមានមួយទៀតអំពីគ្រោះថ្នាក់ធ្ងន់ធ្ងរនៃការប្រើប្រាស់អាវុធដោយខុសច្បាប់ ដែលអាចបង្កឱ្យមានការបាត់បង់ជីវិត និងប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម៕

You might also like