កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទឹកស្អាត
រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅថ្ងៃអង្គារនេះ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាសម្រាប់ «គម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងវិស័យទឹកស្អាត និងសមត្ថភាពរដ្ឋាករទឹក» ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងវិស័យទឹកស្អាត សមត្ថភាពប្រតិបត្តិករ និងធនធានមនុស្សនៅកម្ពុជា។
កំណត់ហេតុនៃកិច្ចពិភាក្សានេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមរដ្ឋលេខាធិការ ស៊ឹម ស៊ីថា ឯកឧត្តម អ៊ិន សាកាន ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងលោក SANUI Kazumasa ប្រធានតំណាងការិយាល័យ JICA ប្រចាំកម្ពុជា។
នេះជាគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសទី៦ របស់ JICA ក្នុងវិស័យទឹកស្អាតនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៣។ គម្រោងមានគោលដៅពង្រឹងក្របខណ្ឌរដ្ឋបាល សមត្ថភាពស្ថាប័ន និងធនធានមនុស្សរបស់ក្រសួង មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានី-ខេត្ត និងប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ដើម្បីគាំទ្រការអនុវត្តគោលបំណងគោលនយោបាយដែលបានកំណត់ក្នុងគោលការណ៍ណែនាំស្តីពីការអភិវឌ្ឍការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជន។
គម្រោងក៏នឹងជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យទឹកស្អាត និងការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ទាំងនៅថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត ដើម្បីរួមចំណែកពង្រីកលទ្ធភាពទទួលបានទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ។
សម្រាប់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គម្រោងនឹងគាំទ្រការរៀបចំផែនការមេរហូតដល់ឆ្នាំ២០៥០ ការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់គម្រោងអាទិភាពនានា និងពង្រឹងសមត្ថភាពស្ថាប័នរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងឌីជីថលសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត។
ផ្អែកលើកំណត់ហេតុនៃកិច្ចពិភាក្សាដែលបានចុះហត្ថលេខា គម្រោងនេះរំពឹងថានឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៧។
JICA គឺជាដៃគូអភិវឌ្ឍដ៏យូរអង្វែងមួយរបស់កម្ពុជាក្នុងវិស័យទឹកស្អាត។ តាមរយៈ JICA រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ការប្តេជ្ញាចិត្តបន្តភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងឈានទៅសម្រេចគោលដៅផ្តល់ទឹកស្អាត និងមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។









