រយៈពេល៣ឆ្នាំនៃអាណត្តិសម្តេចធិបតី វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបណ្តុះយុវជនជំនាញជាង ៣ពាន់នាក់
ស្វាយរៀង៖ រយៈពេល៣ឆ្នាំនៃអាណត្តិសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានចូលរួមយ៉ាងសកម្មក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ដោយបានផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនសរុបជាង ៣ពាន់នាក់ ដើម្បីឱ្យពួកគេមានជំនាញ អាចចាប់យកឱកាសការងារ និងបង្កើតប្រាក់ចំណូលសមរម្យសម្រាប់ជីវភាពរស់នៅ។
លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានឱ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ សិស្ស-និស្សិតដែលបានបញ្ចប់ការសិក្សាចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្របច្ចេកទេស មានចំនួនសរុប ៣,៣៥៣នាក់។
លោកថ្លែងថា៖ «លទ្ធផលនេះបង្ហាញពីការរួមចំណែករបស់វិទ្យាស្ថានក្នុងការផ្តល់ឱកាសឱ្យយុវជនទទួលបានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលអាចយកទៅប្រើប្រាស់ជាក់ស្តែងក្នុងទីផ្សារការងារ ព្រមទាំងជួយឱ្យយុវជនមានសមត្ថភាពប្រកបអាជីព និងបង្កើតប្រាក់ចំណូលដោយខ្លួនឯង»។
បើតាមលោកនាយក សម្រាប់ឆ្នាំថ្មីនេះ វិទ្យាស្ថានកំពុងផ្តល់ឱកាសដល់យុវជនឱ្យទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលអាចយកទៅប្រើប្រាស់ក្នុងការប្រកបមុខរបរ និងចូលបម្រើការងារ តាមរយៈការបណ្តុះបណ្តាលលើជំនាញចំនួន ១០ មុខវិជ្ជា រួមមាន អគ្គិសនី អក្សរសាស្ត្រអង់គ្លេស វិទ្យាសាស្ត្រកុំព្យូទ័រ អេឡិចត្រូនិក ប្រព័ន្ធស្វ័យប្រវត្តិកម្ម (មេកាត្រូនិក) មេកានិកឧស្សាហកម្ម បរិក្ខារត្រជាក់ឧស្សាហកម្ម យន្តសាស្ត្ររថយន្ត គណនេយ្យ និងហិរញ្ញវត្ថុ និងសំណង់ស៊ីវិល។
សម្រាប់ព័ត៌មានបន្ថែម សិស្ស និស្សិត អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ 012 267 679/ 089 436 693 010 54 77 78 / 088 9 532 333 ឬមកកាន់តទីតាំងផ្ទាល់របស់វិទ្យាស្ថានដែលមានទីតាំងស្ថិតនៅ ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕






