ស្ត្រីម្នាក់ ដែលជេរប្រមាថពលរដ្ឋនៅខេត្តពោធិ៍សាត់ ត្រូវតំណាងអយ្យការខេត្ត សម្រេចចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានការរើសអើង»
ខេត្តពោធិ៍សាត់៖ អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណី នៃការផ្សព្វផ្សាយឃ្លីបវីដេអូនៅលើបណ្តាញសង្គម TikTok ដែលមានខ្លឹមសារញុះញង់ឱ្យមានការរើសអើង។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ តំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានទទួល និងចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៤៣៨ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីនៃការផ្សព្វផ្សាយ ឃ្លីបវីឌីអូរបស់គណនីតិចតុក (TIKTOK) ឈ្មោះ 31192083737ayay ដែលបានកើតឡើងនៅម្តុំផ្លូវវាងក្រុង ក្នុងភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។
ក្រោយពីបានពិនិត្យសំណុំរឿងស្តាប់ចម្លើយជនសង្ស័យ និងផ្អែកលើភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យចំនួន ១នាក់ ភេទស្រី ពីបទ៖ ញុះញង់ឱ្យមានការរើសអើង ប្រព្រឹត្តនៅលើបណ្តាញសង្គមតិចតុក (TIKTOK) ស្ថិតនៅម្តុំផ្លូវវាងក្រុងក្នុងភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១៧៩១ អ.យ(ឃ)/២៦ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ សូមបញ្ជាក់ជូនសាធារណជនថា ដើម្បីចៀសវាងនូវបញ្ហាដូចមានខាងលើ សូមសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសកម្ពុជា ត្រូវប្រើប្រាស់ បណ្តាញសង្គមប្រកបដោយស្មារតីទទួលខុសត្រូវ និងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការចែករំលែក ព័ត៌មានណាមួយ ដើម្បីរួមគ្នាកសាងបរិយាកាសឌីជីថលដែលមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
គួរឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បានចាត់វិធានការយ៉ាងតឹងរឹងភ្លាមៗទៅលើបុគ្គលបង្កហេតុឈ្មោះ ភី យ៉ាងរី ភេទស្រី អាយុ ២៥ឆ្នាំ កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ១៩០៩៥៧៧៦២ មានទីលំនៅបច្ចុប្បន្នភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ស្ត្រីរូបនេះបានសារភាព និងទទួលស្គាល់ជាសាធារណៈ ថាខ្លួនពិតជាបានបង្ហោះសារនៅលើបណ្តាញសង្គមក្នុងចេតនាជេរប្រមាថ និងប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ពិតប្រាកដមែន។
រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ពីគោលជំហរយ៉ាងដាច់ខាតក្នុងការបន្តការពារកិត្តិយស សេចក្តីថ្លៃថ្នូរ ក៏ដូចជាលើកកម្ពស់កិត្យានុភាពរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងខេត្ត ឱ្យបានគត់មត់ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕






