សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាចែករំលែកព័ត៌មានថ្មីៗ ឆ្លើយតបការវិវត្តសេដ្ឋកិច្ចតំបន់និងសកល

​សភាពាណិជ្ជកម្មកម្ពុជារៀបចំវេទិកាធុរកិច្ច និងនវានុវត្តន៍ឆ្នាំ២០២៦ ដើម្បីចែករំលែកព័ត៌មានថ្មីៗ ស្តីពីការប្រែប្រួលរចនាសម្ព័ន្ធ សេដ្ឋកិច្ចសកលដែលកំពុងទទួលរងឥទ្ធិពលអវិជ្ជមាននានា សំដៅកាត់បន្ថយហានិភ័យ និងសម្របខ្លួនតាមការវិវត្តនៃសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក។
​អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជ​កម្ម​កម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា លើកឡើងក្នុងពិធីបើកវេទិកាធុរកិច្ច និងនវានុវត្តន៍ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ កាលានុវត្តភាពវិស័យនាំចេញ-នាំចូលរបស់កម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះថា បច្ចុប្បន្នពិភពលោកបាននិងកំពុងជួបបញ្ហាប្រឈម ដោយសារសង្រ្គាមរុស្សី-អ៊ុយក្រែន, ជម្លោះនៅតំបន់ជម្ឈិមបូព៌ា ដែលបង្កឱ្យមានការឡើងថ្លៃនៃប្រេងឥន្ធនៈ ព្រមទាំងការរំខានដល់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ដោយសារ ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបញ្ហានេះ បានបង្ហាញយ៉ាងច្បាស់នូវភាពចាំបាច់ ដែលកម្ពុជាត្រូវធ្វើពិពិធកម្មទីផ្សារ លើកកម្ពស់ សមត្ថភាពប្រកួតប្រជែង និងស្វែងរកកាលានុវត្តភាពនាំចេញទៅកាន់ទីផ្សារថ្មីៗ។
អ្នកឧកញ៉ា បន្តថា តាមរយៈនៃវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៦ នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ធុរជន វិនិយោគិន និង ភាគីពាក់ព័ន្ធ រួមគ្នាពិភាក្សា និងស្វែងរកកាលានុវត្តភាពថ្មីៗ ព្រមទាំងចែករំលែកគំនិត និងបទពិសោធន៍ ដើម្បីពង្រឹងវិស័យនាំចេញ-នាំចូល បង្កើនសមត្ថភាពប្រកួតប្រជែង និងជំរុញការវិនិយោគនៅកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួបរួមគ្នារបស់វិស័យឯកជនជាសំឡេងតែមួយ ធ្វើការកាន់តែជិត ស្និទជាមួយរាជរដ្ឋាភិបាល ក្នុងការកែទម្រង់ និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបង្កើតបរិយាកាសធុរកិច្ចកាន់តែប្រសើរ បង្កើត ការងារ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងឈានទៅសម្រេច ចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។
ក្នុងវេទិកានេះដែរ, ឯកឧត្តមអ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័ត ភ្នំពេញ ក៏បានធ្វើបទបាឋកថា ស្តីពី «កាលានុវត្តភាពភស្តុភារកម្មកម្ពុជា» ដោយផ្តោតលើវឌ្ឍនភាពកំពង់ផែស្វយ័តភ្នំពេញ ផែនការ អភិវឌ្ឍន៍ និងកាលានុវត្តភាពភស្តុភារកម្មនៅកម្ពុជា និងវិស័យសក្តានុពលរបស់កម្ពុជា សម្រាប់ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។
សូមបញ្ជាក់ថា តាមរយៈនៃវេទិកាខាងលើនេះ មានគោលដៅជួយឱ្យវិស័យឯកជនត្រៀមខ្លួនឱ្យកាន់តែល្អប្រសើរ លើការផ្លាស់ប្តូរ រចនាសម្ព័ន្ធសេដ្ឋកិច្ច ពីការពឹងផ្អែកលើកម្លាំងពលកម្ម ឆ្ពោះទៅកាន់សេដ្ឋកិច្ចដែលផ្តោតលើចំណេះដឹងបច្ចេកវិទ្យា និងការធ្វើបរិវត្តកម្ម ឌីជីថល ខណៈកម្ពុជាក៏កំពុងត្រៀមខ្លួនសម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុតនៅចុងឆ្នាំ២០២៩៕
You might also like