រដ្ឋមន្រ្ដីធនធានទឹក ដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រពង្រីកសក្តានុពលអាងទឹកតំបន់ប៉ូលទី៤ តាមបណ្តោយជួរព្រំដែនភាគខាងលិចប្រទេសកម្ពុជា
នាថ្ងៃ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីពិភាក្សា និងរៀបចំផែនការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ និងពង្រីកសក្តានុពលប្រព័ន្ធអាងស្តុកទឹក នៅតំបន់ប៉ូលសេដ្ឋកិច្ចទី ៤ តាមបណ្តោយជួរព្រំដែនភាគខាងលិចប្រទេសកម្ពុជា សំដៅធានាសន្តិសុខទឹក ការពារបរិស្ថាន កាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្ដមរដ្ឋមន្ដ្រី បានផ្តោតលើការពិនិត្យស្ថានភាពបច្ចុប្បន្ន ការកំណត់ទិសដៅអាទិភាព និងការរៀបចំផែនការមេ ដោយជំរុញឱ្យមានការសិក្សាផ្លូវទឹក និងលើកផែនការស្តារអាងស្តុកទឹកតាមលំអានផ្លូវទឹកធម្មជាតិ ដើម្បីបង្កើនសមត្ថភាពស្តុកទឹកឱ្យបានអតិបរមា សម្រាប់ប្រើប្រាស់ទាំងក្នុងរដូវវស្សា និងរដូវប្រាំង។
ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ដ្រី បានបញ្ជាក់ពីការរៀបចំប្រព័ន្ធរំដោះទឹក និងប្រឡាយស្រោចស្រព ដើម្បីបង្កើនផលិតភាពកសិកម្ម និងទ្រទ្រង់សេដ្ឋកិច្ចសហគមន៍តាមព្រំដែន ព្រមទាំងពង្រឹងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងបំពាក់ស្ថានីយស្វ័យប្រវត្តិ រួមទាំងអភិវឌ្ឍអាងទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាត ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និងវិស័យទេសចរណ៍។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ចុះសិក្សាវាយតម្លៃដល់ទីតាំងជាក់ស្តែង ដើម្បីធានាឱ្យការរៀបចំផែនការយុទ្ធសាស្ត្រនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល៕






