ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចាត់កម្លាំងជំនាញស្រាវជ្រាវ ស្វែងរកបុរសម្នាក់ ដែលបន្ទោរបង់ដាក់ផ្លាកសញ្ញាចរាចរណ៍

ភ្នំពេញ ៖ មហាជនរិះគន់ថា ជាអំពើមិនសមរម្យ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងបង្ហាញពីការមិនគោរពទីតាំងសាធារណៈ និងសម្បត្តិសាធារណៈ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចាត់ឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងស្វែងរកបុរសម្នាក់ បន្ទាប់ពីមានការចែកចាយរូបភាព/វីដេអូតាមបណ្ដាញសង្គម ដែលបង្ហាញពីសកម្មភាពបុរសម្នាក់បានបន្ទោរបង់ (នោម) ដាក់លើផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ។

ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញចុះស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណ និងស្វែងរកបុរសរូបនេះ យកមកធ្វើការអប់រំ ឬចាត់វិធានការតាមនីតិវិធី ប្រសិនបើរកឃើញថាមានការប្រព្រឹត្តខុសច្បាប់។

ប្រជាពលរដ្ឋបានស្នើឱ្យអ្នកប្រើប្រាស់ទីសាធារណៈទាំងអស់ ចូលរួមគោរពសណ្ដាប់ធ្នាប់ និងរក្សាអនាម័យបរិស្ថាន ដើម្បីរួមចំណែកធ្វើឱ្យទីក្រុងមានសោភ័ណភាព និងរបៀបរៀបរយ៕

You might also like