រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ អ៊ីស្រាអែលនៅតែចង់ជម្លៀសពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា អ៊ីស្រាអែលនៅតែធ្វើការដើម្បីជម្លៀសពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា ដោយនិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្អាកផែនការដែលអ្នកតស៊ូមតិសិទ្ធិមនុស្សនិយាយថា គឺជាការបោសសម្អាតជនជាតិភាគតិច។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ លោក Katz បាននិយាយថា ការកាត់បន្ថយចំនួនប្រជាជននៅតំបន់ហ្កាហ្សាដែលមន្ត្រីអ៊ីស្រាអែលមួយចំនួនពិពណ៌នាថាជា «អន្តោប្រវេសន៍» ឬ «ទេសន្តរប្រវេសន៍» នៃពលរដ្ឋប៉ាឡេស្ទីនដោយស្ម័គ្រចិត្ត នៅតែជា «ដំណោះស្រាយតែមួយគត់»។
យោងតាមកាសែត Times of Israel បានឲ្យដឹងថា លោក Katz បាននិយាយថា «នៅទីបញ្ចប់ គ្មានដំណោះស្រាយពិតប្រាកដសម្រាប់តំបន់ហ្កាហ្សាដោយគ្មានការធ្វើអន្តោប្រវេសន៍នោះទេ»។ អ្នកតស៊ូមតិសិទ្ធិប៉ាឡេស្ទីនបានអះអាងរយៈពេលជិតបីឆ្នាំមកហើយថា គោលដៅចុងក្រោយនៃសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា គឺដើម្បីបោសសម្អាតជនជាតិភាគតិចលើដែនដីប៉ាឡេស្ទីន។
មន្ត្រីអ៊ីស្រាអែលស្តាំនិយមជ្រុលមួយចំនួនកាលពីពេលមុនបានអំពាវនាវដោយបើកចំហឱ្យកាត់បន្ថយចំនួនប្រជាជននៅតំបន់ហ្កាហ្សា ហើយលោក Trump បានគាំទ្រគំនិតនេះកាលពីដើមអាណត្តិប្រធានាធិបតីរបស់លោក ដោយនិយាយថា សហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ហ៊ុមព័ទ្ធមួយនេះ នៅពេលដែលពលរដ្ឋប៉ាឡេស្ទីនត្រូវបានជម្លៀសចេញ។ សំណើនេះត្រូវបានឆ្លើយតបដោយកំហឹងពីបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា រួមទាំងរដ្ឋាភិបាលដែលជាសម្ព័ន្ធមិត្តទីក្រុងវ៉ាស៊ីនតោនផងដែរ។ ក្រោយមក លោក Trump បានជួយក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបញ្ជាក់យ៉ាងច្បាស់អំពីសិទ្ធិរបស់ពលរដ្ឋប៉ាឡេស្ទីនក្នុងការស្នាក់នៅក្នុងដែនដីរបស់ពួកគេ។






