គ្រួសារវីរកងទ័ពជួរមុខរងគ្រោះដោយអគ្គិភ័យ នៅឃុំចែងមានជ័យ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់

(បាត់ដំបង)៖ អនុវត្តតាមអនុសាសន៍របស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ដឹកនាំដោយលោក ប៉ាង ផារ៉ាត់ នាយករដ្ឋបាលសាលាស្រុក និងជាប្រធានក្រុមប្រតិបត្តិអនុសាខាស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនគ្រួសារវីរកងទ័ពជួរមុខម្នាក់ ដែលរងគ្រោះថ្នាក់ដោយអគ្គិភ័យឆេះផ្ទះ។
គ្រួសាររងគ្រោះមានឈ្មោះ ប៉ាល់ សត្យា អាយុ៣១ឆ្នាំ ជាវីរជនកងទ័ពជួរមុខ និងប្រពន្ធឈ្មោះ សេត ផាយី អាយុ២៨ឆ្នាំ (មានសមាជិកក្នុងបន្ទុកសរុប ៦នាក់) រស់នៅភូមិចង្ហូរស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោក ប៉ាង ផារ៉ាត់ បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការសោកស្តាយជាទីបំផុតពីសំណាក់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកបានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្ដីកង្វល់របស់ថ្នាក់ដឹកនាំ ដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយ។ អំណោយសង្គ្រោះបន្ទាន់ដែលបានចែកជូននាពេលនេះ ទោះបីមិនអាចជួយបានទាំងស្រុងក្តី ក៏បានរួមចំណែកជួយដោះស្រាយការខ្វះខាតបានមួយផ្នែកផងដែរ ដោយពុំមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ។
អំណោយដែលអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ផ្ដល់ជូនគ្រួសាររងគ្រោះរួមមាន៖ អង្ករ ៥០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១យួរ ទឹកសុទ្ធ ១កេស គ្រឿងឧបភោគបរិភោគ សម្ភារផ្ទះបាយ និងថវិកាមួយចំនួនផងដែរ៕

You might also like