ករណីបាតុកម្មបិទផ្លូវជាតិលេខ៥ នៅស្រុកបាកាន ត្រូវបានដោះស្រាយ និងសម្រួលចរាចរណ៍ឱ្យមានភាពប្រក្រតីឡើងវិញជាស្ថាពរ
(ពោធិ៍សាត់)៖ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦នេះ មានការតវ៉ា និងធ្វើបាតុកម្មរហូតឈានដល់ការបិទផ្លូវជាតិលេខ៥ ពីសំណាក់កម្មករ កម្មការិនីនៃរោងចក្រ លានហ្វាហេងយូ ដែលមានទីតាំងស្ថិតនៅក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
កម្មករ កម្មការិនីបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះតំណាងរដ្ឋបាលរោងចក្រ ឈ្មោះ ផុង សុខា ដែលបានប្រើប្រាស់ពាក្យសម្តីអសុរោះ ជេរប្រមាថ និងបង្ហាញកាយវិការមិនសមរម្យ (ធាក់តុម៉ាស៊ីន) លើកម្មករនិយោជិត។
ក្រុមបាតុករបានទាមទារដាច់ខាត ឱ្យបញ្ឈប់បុគ្គលិករដ្ឋបាលរូបនេះ ចេញពីតំណែង ទើបព្រមរំសាយ និងបញ្ចប់ការតវ៉ា។
ដើម្បីសម្រួលស្ថានភាព និងធានាបាននូវភាពស្ងប់ស្ងាត់ក្នុងតំបន់ តំណាងផ្នែករដ្ឋបាលរូបនោះ (លោក ផុង សុខា) បានស្ម័គ្រចិត្តដាក់ពាក្យសុំលាលែងពីការងារ (លិខិតលាលែងចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦) តាមការទាមទាររបស់កម្មករ។
ក្រោយពីទទួលបានដំណោះស្រាយភ្លាមៗនេះ ក្រុមកម្មករបានយល់ព្រមរំសាយការតវ៉ា ហើយអាជ្ញាធរមានសមត្ថកិច្ចបានអន្តរាគមន៍សម្រួលចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៥ ឱ្យដំណើរការឡើងវិញជាធម្មតា និងមានសុវត្ថិភាពទាំងស្រុង៕







