ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំប្រតិភូ AFD និង EU ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រព័ន្ធធារាសាស្ត្រកង្ហត ក្នុងខេត្តបាត់ដំបង

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធី WAT4CAM តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ចុះពិនិត្យវឌ្ឍនភាពជាក់ស្តែងនៃគម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត ស្ថិតក្នុងភូមិសាស្ត្រឃុំធិបតី ឃុំរាំងកេសី និងឃុំកំពង់ព្រៀង នៃស្រុកគាស់ក្រឡ និងស្រុកសង្កែ ខេត្តបាត់ដំបង។
បេសកកម្មនេះ មានការចូលរួមពី លោក Laurent RASPAUD នាយករង AFD ប្រចាំកម្ពុជា, លោក Bryan Fornari ប្រធានផ្នែកកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា, ឯកឧត្តម ស្រ៊ុន សុខុម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង, ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍មកពី ១៥ ប្រទេស និងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូប។
ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា គម្រោងស្តារប្រព័ន្ធធារាសាស្ត្រកង្ហត គឺជាសមាសភាគសំខាន់នៃកម្មវិធី WAT4CAM ជំហានទី១។ សម្រាប់ខេត្តបាត់ដំបង ការងារផ្តោតលើការស្តារ និងកែលម្អប្រឡាយមេទី២ (MC2) ដែលនាំទឹកមកពីទំនប់ពហុបំណងសេកសក ដោយបង្វែរចេញពីស្ទឹងសង្កែ ដើម្បីបែងចែកទឹកទៅកាន់ប្លុកទាំង៥ (A, B, C, D និង E) ដែលមានសមត្ថភាពស្រោចស្រពដីកសិកម្មចំនួន ៥,០១៧ ហិកតា និងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋចំនួន ៣,៣៨៤ គ្រួសារ។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា កម្មវិធី WAT4CAM ជំហានទី១ ក្រោមហិរញ្ញប្បទានពី AFD និង EU ត្រូវបានអនុវត្តក្នុងខេត្តគោលដៅចំនួន៥ (បាត់ដំបង សៀមរាប ព្រះវិហារ កំពង់ធំ និងកណ្តាល) ដោយតម្រង់ទិសលើយុទ្ធសាស្ត្រសំខាន់ពីរ៖ ទី១) ផ្នែករឹង៖ ផ្តោតលើការស្តារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រឱ្យរឹងមាំ ។ ទី២) ផ្នែកទន់៖ ផ្តោតលើការពង្រឹងសមត្ថភាព និងការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ចាប់ពីប្រភពទឹករហូតដល់ការបែងចែកទឹកជូនកសិករប្រកបដោយសមធម៌ និងប្រសិទ្ធភាព។
ជាលទ្ធផលនៃការចុះពិនិត្យ ក្រុមបេសកកម្មបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារនៃកម្មវិធី WAT4CAM ជំហានទី១ ព្រមទាំងចាត់ទុកភាពជោគជ័យនេះជាមេរៀន និងបទពិសោធន៍គំរូដ៏ល្អសម្រាប់បន្តពង្រីកការអនុវត្តក្នុងគម្រោងដំណាក់កាលក្រោយៗទៀត៕

You might also like