Scamsបង្ក្រាបទីតាំង Online ចំនួន ៣កន្លែងនៅភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៣២នាក់ និងដកហូតបានវត្ថុតាងមួយចំនួនធំ
(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះនៃរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន៣កន្លែងផ្សេងគ្នា ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន ៣២នាក់ និងរឹបអូសសម្ភារមួយចំនួនធំ។
យោងតាមរបាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦៖៤០នាទី ដោយបានការសម្របសម្រួលពីលោក ញ៉ាន បូរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយទទួលបានការអនុញ្ញាតពីលោក សក់ ច័ន្ទកញ្ញារិទ្ទ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រុមការងារចម្រុះដឹកនាំដោយលោក ផុន សុផាន អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែន បានចុះត្រួតពិនិត្យ និងបង្រ្កាបទីតាំងសង្ស័យលួចបង្កប់បទល្មើស Online Scams ១កន្លែង ស្ថិតនៅចំណុចផ្ទះលេខ គ្មាន ផ្លូវលេខ៦៨K ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កិច្ចប្រតិបត្តិការ ក្រុមការងារចម្រុះ រកឃើញជនបរទេសចំនួន ១៧នាក់ ភេទប្រុស មានចំនួន ០១សញ្ជាតិ ជនជាតិបង់ក្លាដេស ក្នុងនោះមានលិខិតឆ្លងដែន និងទិដ្ឋាការចុងក្រោយត្រឹមត្រូវ ចំនួន ០៣នាក់, មានលិខិតឆ្លងដែន ចំនួន ០៨នាក់ ទិដ្ឋាការហួសសុពលភាព និងមិនមានលិខិតឆ្លងដែន ០៦នាក់ ករណីស្នាក់នៅប្រមូលផ្ដុំដោយខុសច្បាប់ (ពុំមានលិខិតឆ្លងដែន)។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃើញសម្ភារៈវត្ថុតាងមួយចំនួនរួមមាន៖ កុំព្យូទ័រ All in One ចំនួន ០២គ្រឿង, កុំព្យូទ័រ យួរដៃ ចំនួន ០១គ្រឿង, ទូរស័ព្ទដៃ ចំនួន ៣៤គ្រឿង (ក្នុងនោះទូរស័ព្ទដៃផ្ទាល់ខ្លួនរបស់ជនសង្ស័យចំនួន ២២គ្រឿង និងទូរស័ព្ទបម្រើឱ្យបទល្មើស ១២គ្រឿង)។
សមត្ថកិច្ចរកឃើញថា ទីតាំងខាងលើបានប្រព្រឹត្តអំពើ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពបន្លំខ្លួនជាបុគ្គលិកធនាគារពិភពលោក (World Bank) ផ្ដល់កម្ចីប្រាក់ក្លែងក្លាយ ដែលមានគោលដៅជនរងគ្រោះនៅប្រទេសបង់ក្លាដេស។
ចំពោះទីតាំងទី២៖ សមត្ថកិច្ចការបង្ក្រាបទីតាំងឆបោក បុរីប៉នដានី គម្រោង២២ ស្ថិតនៅ ផ្ទះលេខ P45 ផ្លូវលេខ១៤ ភូមិស្រែអំបិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភំ្នពេញ។
ប្រតិបត្តិការនេះមានការចូលរួមពីសំណាក់កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល សហការជាមួយផែនការងារសន្តិសុខ ការិយាល័យប្រឆាំងបទល្មើសបចេ្ទកវិទ្យា, គណៈបញ្ជាការឯកភាពខណ្ឌកំបូល ដឹកនាំដោយលោក ហោ វាសនា អភិបាលរងខណ្ឌកំបូល និងដោយបានការសម្របសម្រួលផ្លូវច្បាប់ពីលោក លី គឹមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងរដ្ឋបាលសង្ស័យពាក់ព័ន្ធបទល្មើស Online Scam និងការ ស្នាក់នៅប្រមូលម្តុំជនបរទេសខុសច្បាប់ នៅក្នុងទីតាំង ស្ថិតនៅផ្ទះលេខ P45 ផ្លូវលេខ១៤ ភូមិស្រែអំបិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភំ្នពេញ។
ក្នុងនោះក្រុមការងារបានត្រួតពិនិត្យរកឃើញសម្ភារៈមួយចំនួនរួមមានត្រួតពិនិត្យទីតាំងរកឃើញសម្ភារៈមានដូចជា៖ all in one ៣គ្រឿង, laptop ២គ្រឿង, ទូរស័ព្ទបម្រើការងារ ១៨គ្រឿង និងដុំ WiFi 2។
សមត្ថកិច្ចបានមនុស្សចំនួន៦នាក់ ស្រី០២នាក់ ក្នុងនោះមានជនជាតិចិន០៤នាក់ (ប្រុស), ស្រី០១នាក់ ជនជាតិមីយ៉ានម៉ា និងខ្មែរ១នាក់។
តាមលទ្ធផលកោសលវិច័យរកឃើញ៖ ជនសង្ស័យប្រើប្រាស់ប្រទេសកម្ពុជា លួចលាក់ប្រព្រឹត្តបទល្មើស ឆបោក online scams ក្រោមរូបភាពវិនិយោគ មាស ប្រេងកាត មាន website ឈ្មោះ m.bckjxmm.it.com មានគោលដៅទៅប្រទេសអារ៉ាបរួម
ចំពោះទីតាំងទី៣៖ ដោយបានការសម្របសម្រួល ពីលោក យាង ច័ន្ទក្រុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យលួចបង្កប់បទល្មើស Online Scams ០១កន្លែង ស្ថិតនៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្ថិតនៅផ្ទះលេខៈ៥២ ផ្លូវលេខៈ៦៩៦ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សម្រាប់លទ្ធផលត្រួតពិនិត្យទីតាំងរកឃើញមនុស្សចំនួន ០៩នាក់ (ស្រី០០នាក់) (ជនជាតិបង់ក្លាដេស), សម្ភារៈមានដូចជា៖ ទូរស័ព្ទដៃ ចំនួន ៩គ្រឿង, All in one ៩គ្រឿង និង Laptop ១គ្រឿង។
លទ្ធផលកោសលវិច័យ ក្នុងក្រុម (group) Siker group មានសមាជិក ១៧នាក់ បានរកឃើញការទំនាក់ទំនងជាមួយជនរងគ្រោះ ទំនាក់ទំនង ដើម្បីទាញយកព័ត៌មានពីជនរង់គ្រោះ, មានការសន្ទនាដែលតាំងខ្លួនជាអ្នកឆ្នៃម៉ូតសម្លៀកបំពាក់។ តាមការសន្និដ្ឋានបឋមការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពអូសទាញឱ្យចូលរួមអាជីវកម្មអនឡាញ (ដំណាក់កាលរកអតិថិជន)៕






