បង្ក្រាបករណីលួចនាំចូលគ្រឿងសំអាងខុសច្បាប់ជាង ១,០០០ ប្រអប់ ពីប្រទេសថៃ
ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះប្រចាំស្រុកម៉ាឡៃ បានចុះល្បាត និងទប់ស្កាត់ការនាំចូលទំនិញគេចពន្ធ ដោយបានដកហូតគ្រឿងសំអាងម៉ាក Elracle សរុបចំនួន ១,០០៨ ប្រអប់ (ស្មើនឹង ៧ កេសធំ ឬ ៨៤ កេសតូច) ដែលសង្ស័យថាលួចនាំចូលពីប្រទេសថៃដោយខុសច្បាប់ កាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦។
យោងតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានឱ្យដឹងថា ប្រតិបត្តិការទប់ស្កាត់នេះបានធ្វើឡើងនៅចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ទំនិញទាំងនេះត្រូវបានក្រុមឈ្មួញលួចដឹកជញ្ជូនឆ្លងដែនតាមច្រករបៀងពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ដើម្បីគេចវេះពីការត្រួតពិនិត្យ និងការបង់ពន្ធជូនរដ្ឋ។
កម្លាំងសមត្ថកិច្ចបានប្រគល់វត្ថុតាងទាំងអស់ជូនទៅ អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ និងស្រាវជ្រាវស្វែងរកមុខសញ្ញាពាក់ព័ន្ធមកចាត់ការតាមនីតិវិធី៕






