ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
(បាងកក)៖ ក្រោយចុះពិនិត្យផ្ទាល់នៅច្រកអូរស្មាច់ កាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ មន្រ្តីយោធាហ្វីលីពីន លោកវរសេនីយ៍ឯក Roderick T Garcia ដែលជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំនៅប្រទេសថៃ និយាយថា អ្វីដែលលោកបានមើលឃើញផ្ទាល់នៅនឹងកន្លែង គឺខុសគ្នាឆ្ងាយពីព័ត៌មាន ដែលលោកទទួលបានពីមុនមក ហើយថាក្នុងដំណាក់កាលនេះ ក្រុម AOT មិនទាន់អាចឈានដល់ការសន្និដ្ឋានណាមួយនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation។
លោក Garcia បានប្រាប់ថា ព័ត៌មាននៃការចុះសង្កេតផ្ទាល់ អំឡុងទស្សនកិច្ចនេះ នឹងត្រូវចងក្រងជារបាយការណ៍ សម្រាប់បញ្ជូនទៅថ្នាក់លើរបស់លោក។ ប៉ុន្តែលោកបានបញ្ជាក់ថា ក្រុម AOT មិនទាន់អាចទាញសេចក្តីសន្និដ្ឋាននៅដំណាក់កាលនេះ ដោយផ្អែកលើភស្តុតាង ឬសេចក្តីរាយការណ៍ខុសគ្នា ដែលភាគីទាំងសងខាងថៃនិងកម្ពុជា បានបង្ហាញនៅឡើយទេ។ លោកបន្ថែមថា ព័ត៌មានដែលប្រមូលបាន នឹងតម្រូវឱ្យមានការវាយតម្លៃ ក៏ដូចជាវិភាគបន្ថែមទៀត។ លោក Garcia បានកត់សម្គាល់ថា ការយល់ដឹងភាគច្រើនរបស់លោក មុនពេលទស្សនកិច្ច គឺបានមកពីបណ្តាញសង្គម សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងការផ្សាយព័ត៌មានផ្សេងៗទៀត របស់ប្រទេសថៃ។ ដោយឡែក ការចុះទៅឃើញតំបន់អូរស្មាច់ផ្ទាល់បែបនេះ បានផ្តល់ឱ្យលោកនូវការយល់ឃើញថ្មីខុសពីមុន។
ដោយឡែក ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ លោក Garcia បានសង្កេតឃើញថា ភាគីទាំងសងខាង នៅតែបន្តអនុវត្តតាមកិច្ចព្រមព្រៀង ដែលពួកគេបានចុះហត្ថលេខា។ លោកបានលើកឡើងជាពិសេស អំពីការអះអាងជាសាធារណៈរបស់ភាគីថៃ ដែលថាខ្លួនគ្មានបំណងកាន់កាប់តំបន់នេះជាអចិន្រ្តៃយ៍នោះទេ ប៉ុន្តែចាត់ទុកការគ្រប់គ្រងវានាពេលនេះ គឺជាការចាំបាច់ដើម្បីរក្សាសន្តិសុខ។
តាមលោក Garcia ខាងថៃបានឱ្យសញ្ញាថា ពួកគេនឹងត្រៀមដកកងទ័ពចេញវិញ នៅពេលមានការកំណត់បន្ទាត់ព្រំដែនច្បាស់លាស់ជាផ្លូវការ ហើយលោកបានកត់សម្គាល់ថា បញ្ហានេះនឹងត្រូវដោះស្រាយតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) និងតម្រូវឱ្យមានការពិភាក្សាជាបន្តបន្ទាប់បន្ថែមទៀត។ លោក Garcia យល់ឃើញថា ក្រោមស្ថានភាពបច្ចុប្បន្ន ទាំងថៃនិងកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរៀងៗខ្លួនក្រោមបទឈប់បាញ់៕






