កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត

(ភ្នំពេញ)៖ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិ (Eco-Tourism) ល្អបំផុត យោងតាមរបាយការណ៍វាយតម្លៃចុងក្រោយរបស់ស្ថាប័នវាយតម្លៃអន្តរជាតិ U.S News & World Report។
ប្រជាជនកម្ពុជា ពិតជាមមានមោទកភាពជាតិយ៉ាងក្រៃលែង និងបានចូលរួមអបអរសាទរ ជាមួយសមិទ្ធផល និងជោគជ័តថ្មីបន្ថែមទៀត ដែលកើតពីផ្លែផ្កានៃសន្តិភាព និងការខិខំប្រឹងប្រែងអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញដ៏ត្រឹមត្រូវ ច្បាស់លាស់ ឆ្ពោះទៅសម្រេចទស្សនវិស័យឆ្នាំ២០៥០។
សមិទ្ធផលដ៏គួរឱ្យមោទនភាពរបស់ប្រទេស និងប្រជាជនកម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិមើលឃើញ ថាជាលទ្ធផលកើតឡើងដោយផ្ទាល់ពី ស្ថិរភាពនយោបាយ និងសន្តិភាពពេញលេញ បង្កលក្ខណៈដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការលើកម្ពស់ការអភិរក្សជីវៈចម្រុះ និងជីវភាពសហគមន៍មូលដ្ឋាននានា។
លើសពីនេះតំបន់លម្ហែបៃតងនៅតាមតំបន់ការពារធម្មជាតិ កំពុងបង្ហាញសក្តានុពល និងការទាក់ទាញទេសចរណ៍ធម្មជាតិ ដែលជំរុញឱ្យកម្ពុជាបង្កើតបានសក្តានុពលយ៉ាងសំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរគ្រប់ទិសទី ទាំងជាតិ និងអន្តរជាតិដែលស្រឡាញ់ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថានបានល្អប្រសើរជាលំដាប់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការណែនាំ និងការចង្អុលបង្ហាញជាយុទ្ធសាស្ត្រយ៉ាងម៉ឺងម៉ាត់ ក្នុងការជំរុញការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិឱ្យក្លាយទៅជាម្ចាស់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ផ្សារភ្ជាប់នឹងការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។
គោរពតាមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួងបរិស្ថានកម្ពុជា កំពុងជំរុញយ៉ាងសកម្មលើការអភិវឌ្ឍ «គោលដៅលំហែបៃតង» នៅតាមតំបន់ការពារធម្មជាតិ។
ការបង្កើតគោលដៅលំហែបៃតងនេះ ធ្វើឡើងស្របយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ផ្តោតលើមុំយុទ្ធសាស្ត្រទាំងបីគឺ «ស្អាត ភាពបៃតង និងចីរភាព» ក្នុងគោលបំណងកែប្រែជីវភាពប្រជាសហគមន៍ឱ្យមាន «ការងារបៃតង» និងចំណូលប្រកបដោយចីរភាព ជំនួសឱ្យការចូលព្រៃកាប់ឈើ ឬបរបាញ់សត្វ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានរៀបចំគោលដៅលំហែបៃតងរួចជាស្រេចនូវ២ទីតាំង និងមានផែនការដំឡើងទៅជា «របៀងលំហែបៃតង» ផ្សារភ្ជាប់គ្នាក្នុងខេត្តដែលមានសក្តានុពល។ ក្នុងពេលកន្លងមក ក្រសួងបានអនុវត្ត ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» (ខេត្តកំពង់ស្ពឺ) និងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» (ខេត្តសៀមរាប) ហើយបន្ទាប់មក បានផែនពង្រីក និងតភ្ជាប់បន្ថែម តំបន់សក្តានុពលផ្សេងទៀត ដូចជា ភ្នំខ្នងផ្សារ និងតំបន់ទេទឹកពុះ (ខេត្តកំពង់ស្ពឺ)។
នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ថ្មីៗកន្លងមកនេះ ក្រសួងចំនួន៣ រួមមាន ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីរៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត (ខេត្តកោះកុង) ឱ្យទៅជា «គោលដៅលំហែបៃតង» គំរូថែមទៀត៕

 

You might also like