ខ្មែររួបរួម ខ្មែរខ្លាំង លោកឧកញ៉ា ស្រី ចាន់ថន និងក្រុមការងារ ចុះសួរសុខទុក្ខ និងពិសាអាហារគ្រួសារសាមគ្គីជាមួយបងប្អូនខ្មែរនៅផ្ទះលោក លឹម ឈី ប្រធានយុវជនប្រចាំក្រុង Hillsboro នៃរដ្ឋ Oregon សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកឧកញ៉ា ស្រី ចាន់ថន រួមជាមួយក្រុមការងារ បានចុះទៅទីក្រុង Hillsboro នៃរដ្ឋ Oregon នៅផ្ទះលោក លឹម ឈី ជាអនុប្រធានយុវជនប្រចាំក្រុង Hillsboro និងពិសាអាហារគ្រួសារសាមគ្គី ដោយសេចក្តីរីករាយយ៉ាងក្រៃលែង។
សកម្មភាពនេះ មិនត្រឹមតែជាការជួបជុំដ៏កក់ក្តៅរវាងបងប្អូនខ្មែរនៅក្រៅប្រទេស និងអ្នកតំណាងពីប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ព្រមទាំងជាការពាំនាំនូវបណ្តាំសួរសុខទុក្ខ និងការនឹករឭកពីថ្នាក់ដឹកនាំកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋខ្មែរក៏បានបង្ហាញពីការនឹករឭកចំពោះមាតុភូមិ និងបានផ្តាំផ្ញើនូវការគោរព ស្រឡាញ់ និងជូនពរដល់ថ្នាក់ដឹកនាំកម្ពុជា តាមរយៈលោកឧកញ៉ា ស្រី ចាន់ថន ព្រមទាំងបង្ហាញពីបំណងចង់រួមចំណែកជាមួយសង្គម និងមាតុភូមិកម្ពុជាតាមលទ្ធភាពរៀងៗខ្លួន។
ជាពិសេស ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងប្រឈមនឹងបញ្ហា និងភាពតានតឹងពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក បានបង្ហាញនូវការឈឺចាប់ ក្តីអាណិតអាសូរ និងការយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរងផលប៉ះពាល់ និងបាត់បង់ទីលំនៅនៅតាមតំបន់ព្រំដែន ព្រមទាំងចូលរួមរំលែកទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលបានលះបង់ជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។
វត្តមានរបស់លោកឧកញ៉ា ស្រី ចាន់ថន និងក្រុមការងារ ក្នុងដំណើរជួបសួរសុខទុក្ខនាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញថា ទោះបីបងប្អូនខ្មែររស់នៅទីណាក៏ដោយ ក្តីស្រឡាញ់ចំពោះមាតុភូមិ និងសាមគ្គីភាពរបស់ជាតិខ្មែរ នៅតែមានភាពរឹងមាំ និងមិនត្រូវបានបំបែកដោយចម្ងាយភូមិសាស្ត្រឡើយ។
ជំនួប និងការពិសាអាហារគ្រួសារសាមគ្គីតាមខ្នងផ្ទះនេះ ក៏បានបង្កើតនូវបរិយាកាសស្និទ្ធស្នាល និងជាឱកាសដ៏មានតម្លៃសម្រាប់បងប្អូនខ្មែរនៅក្រៅប្រទេស បានជួបជុំ សំណេះសំណាល ចែករំលែកក្តីស្រឡាញ់ និងបន្តពង្រឹងចំណងសាមគ្គីភាពរវាងខ្មែរនៅក្នុងប្រទេស និងខ្មែរនៅក្រៅប្រទេស ឱ្យកាន់តែរឹងមាំជាបន្តបន្ទាប់។
អត្ថបទដោយៈ លោក តាំង វង្សរតនៈ
You might also like