អគ្គនាយក CMAC បង្ហាញសង្ឃឹមថា យុត្តិធម៌ពិតជាមានចំពោះប្រាសាទព្រះវិហារ ហើយអ្នកបំផ្លិចបំផ្លាញនឹងត្រូវទទួលទោសតាមច្បាប់អន្តរជាតិជាកំហិត
យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ (CMAC) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា សម្រែកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារដែលជាមរតកដូនតាខ្មែរនិងជាសម្បតិ្តបេតិកភណ្ឌពិភពលោកត្រូវបានលាតត្រដាងជាបណ្តើរៗហើយ។
ប្រតិភូរាជរដ្ឋាភិបាលខាងលើ បានថ្លែងអំណរគុណចំពោះអង្គការUNESCO-ICOMOS ដែលបានបញ្ចេញរបាយការណ៍វាយតម្លៃពីការបំផ្លិចបំផ្លាញនិងការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរបំផុត។ ជាមួយគ្នានេះដែរ អង្គភាពCMACបានធ្វើការស្រាវជ្រាវព័ត៌មាននិងការពិនិត្យវាយតម្លៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅទីតាំងប្រាសាទព្រះវិហារ ហើយបានរកឃើញថាទាហ៊ានថៃបានទម្លាក់គ្រាប់បែកនិងបាញ់ប្រហារចំនួន៥០១គោលដៅលើតួប្រាសាទដែលបង្កឱ្យខូចខាតប្រាសាទចំនួនជាង៥៦០កន្លែង។ ទន្ទឹមនឹងនេះ ក៏អាចកំណត់បានថា ការទម្លាក់គ្រាប់បែកនិងការបាញ់ប្រហារមកលើប្រាសាទព្រះវិហារនេះ មានផែនការយុទ្ធសាស្ត្រ យុទ្ធវិធី ការសម្របសម្រួល និងដឹកនាំបញ្ជាការយ៉ាងច្បាស់លាស់ ក្នុងគោលបំណងកម្ទេចប្រាសាទព្រះវិហារដែលជាមរតកដូនតាខ្មែរនិងជាសម្បត្តិបេតិកភណ្ឌពិភពលកដ៏កម្រនិងកំសត់បំផុតមួយនេះ! ។
ឯកឧត្តម បង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា យុត្តិធម៌ពិតនឹងមានចំពោះប្រាសាទព្រះវិហារ ហើយអ្នកបំផ្លិចបំផ្លាញនឹងត្រូវទទួលទោសតាមច្បាប់អន្តរជាតិជាកំហិត ព្រមទាំងទទួលបណ្តាសារបស់ដូនតាបុព្វបុរសខ្មែរដែលជាអ្នកកសាងប្រាសាទព្រះវិហារសម្រាប់មរតកមនុស្សជាតិនេះ៕ ផ្សាយ៖



















