ដោយសេចក្ដីស្រលាញ់ គោរព លោកឧកញ៉ា ស្រី ចាន់ថន និងក្រុមការងារ ចុះសួរសុខទុក្ខ និងពិសាអាហារគ្រួសារសាមគ្គី ជាមួយប្រធានសាខាបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋ Oregon
សហរដ្ឋអាមេរិក៖ នារសៀលថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧកញ៉ា ស្រី ចាន់ថន រួមជាមួយក្រុមការងារ បានអញ្ជើញទៅសួរសុខទុក្ខ និងពិសាអាហារគ្រួសារសាមគ្គីជាមួយលោក សេង សំអុន ប្រធានសាខាគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋ Oregon នៅគេហដ្ឋានរបស់លោក ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅ។
ក្នុងឱកាសនោះ លោកឧកញ៉ា ស្រី ចាន់ថន បានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងក្តីនឹករឭកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោក សេង សំអុន និងក្រុមគ្រួសារ។
ជាមួយគ្នានេះ លោកឧកញ៉ា ស្រី ចាន់ថន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក សេង សំអុន ក្នុងការដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋ Oregon ប្រកបដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវ ព្រមទាំងបានយកចិត្តទុកដាក់ជួយសម្របសម្រួល និងចែករំលែកការលំបាកជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក តាមលទ្ធភាព និងសមត្ថភាពដែលអាចធ្វើបាន។
លោកឧកញ៉ា ស្រី ចាន់ថន បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះបងប្អូនខ្មែរនៅក្រៅប្រទេស គឺជាផ្នែកមួយនៃការរក្សាចំណងមិត្តភាព សាមគ្គីភាព និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជនខ្មែរនៅក្នុងប្រទេស និងបងប្អូនខ្មែរដែលកំពុងរស់នៅក្រៅប្រទេស។
វត្តមានរបស់លោកឧកញ៉ា ស្រី ចាន់ថន និងក្រុមការងារ ក្នុងឱកាសនេះ ក៏បានបង្ហាញពីសារៈសំខាន់នៃការរក្សាចំណងសាមគ្គីភាព និងភាពជិតស្និទ្ធជាមួយបងប្អូនខ្មែរនៅក្រៅប្រទេស។ ទោះបីរស់នៅឆ្ងាយពីមាតុភូមិក្តី ក្តីស្រឡាញ់ចំពោះជាតិ និងមាតុភូមិ ព្រមទាំងស្មារតីសាមគ្គីភាពរបស់បងប្អូនខ្មែរ នៅតែមានភាពរឹងមាំ និងបន្តភ្ជាប់ជាមួយគ្នា។
ការជួបជុំ និងពិសាអាហារគ្រួសារសាមគ្គីនាពេលនេះ បានបង្កើតនូវបរិយាកាសស្និទ្ធស្នាល និងជាឱកាសដ៏មានតម្លៃសម្រាប់បងប្អូនខ្មែរបានជួបជុំ សំណេះសំណាល ផ្លាស់ប្តូរមតិយោបល់ និងចែករំលែកក្តីស្រឡាញ់ក្នុងនាមជាខ្មែរតែមួយ។ ព្រឹត្តិការណ៍នេះក៏ជាការរួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាព និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងបងប្អូនខ្មែរនៅក្នុងប្រទេស និងនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំជាបន្តបន្ទាប់។
អត្ថបទដោយ៖ លោក តាំង វង្សរតនៈ






