រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យរួមគ្នាកសាងប្រព័ន្ធអេកូឡូស៊ីព័ត៌មានប្រកបដោយភាពធន់ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងផ្តល់ជំនឿចិត្តដល់ពលរដ្ឋក្នុងតំបន់
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ការទទួលខុសត្រូវរបស់អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន មិនអាចកម្រិតត្រឹមតែការកែតម្រូវព័ត៌មានមិនពិត បន្ទាប់ពីវាបានរីករាលដាលរួចហើយនោះទេ។ តែត្រូវកសាងប្រព័ន្ធអេកូឡូស៊ីព័ត៌មានមួយដែលមានភាពធន់តាំងពីដំណាក់កាលរៀបចំ ដែលប្រជាពលរដ្ឋអាចទទួលបានព័ត៌មានគួរឱ្យជឿទុកចិត្ត ប្រព័ន្ធផ្សព្វផ្សាយអាជីពប្រកាន់ខ្ជាប់ស្តង់ដារខ្ពស់ និងការប្រើប្រាស់បច្ចេកវិទ្យាដោយការទទួលខុសត្រូវ។
ការសង្កត់ធ្ងន់បែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពី «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពិធីប្រកួតប្រជែងជ័យលាភីអ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្នាំ២០២៦» ក្រោមប្រធានបទ៖ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» រាជធានីភ្នំពេញ នៅសណ្ឋាគារ Sun & Moon Riverside នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «ការទទួលខុសត្រូវរបស់យើងមិនអាចកម្រិតត្រឹមតែការកែតម្រូវព័ត៌មានមិនពិត បន្ទាប់ពីវាបានរីករាលដាលរួចហើយនោះទេ។ យើងត្រូវកសាងប្រព័ន្ធអេកូឡូស៊ីព័ត៌មានមួយដែលមានភាពធន់តាំងពីដំណាក់កាលរៀបចំ៖ ប្រព័ន្ធមួយដែលប្រជាពលរដ្ឋអាចទទួលបានព័ត៌មានអាចជឿទុកចិត្ត ប្រព័ន្ធផ្សព្វផ្សាយអាជីពដែលប្រកាន់ខ្ជាប់ស្តង់ដារខ្ពស់ ស្ថាប័នទំនាក់ទាក់ទងសាធារណៈប្រកបដោយប្រសិទ្ធភាព ការប្រើប្រាស់បច្ចេកវិទ្យាដោយការទទួលខុសត្រូវ និងប្រជាជនមានជំនាញពិចារណាបានត្រឹមត្រូវ»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កម្ពុជាជឿជាក់ថា ប្រព័ន្ធនេះត្រូវតែមានតុល្យភាព អាចអនុវត្តជាក់ស្តែង ប្រកបដោយបរិយាបន្ន និងយកប្រជាជនជាសំខាន់។ វិធានការដោះស្រាយព័ត៌មានភាន់ច្រឡំ និងព័ត៌មានក្លែងបន្លំ គួរតែពង្រឹងសេរីភាពក្នុងការបញ្ចេញមតិ ការទទួលបានព័ត៌មាន និងតួនាទីដ៏សំខាន់របស់សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ។ គោលដៅរបស់យើងមិនត្រឹមតែកាត់បន្ថយព័ត៌មានមិនពិតប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីពង្រីកវិសាលភាពនៃការស្វែងរកព័ត៌មាន ការទទួលបានព័ត៌មាន និងសេចក្តីទុកចិត្តនៃព័ត៌មានដែលគួរឱ្យជឿជាក់។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះគោលដៅនេះ។ តាមរយៈក្រសួងព័ត៌មាន បន្តពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងឌីជីថល សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ការបង្កើតមាតិកាប្រកបដោយការទទួលខុសត្រូវ ការទំនាក់ទំនងសាធារណៈទាន់ពេលវេលា និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន អ្នកអប់រំ យុវជន អ្នកមានឥទ្ធិពលលើបណ្តាញសង្គម បណ្តាញឌីជីថល និងប្រជាពលរដ្ឋ។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា បទពិសោធន៍របស់យើងបានបញ្ជាក់ពីមេរៀនសាមញ្ញមួយ៖ នៅក្នុងយុគសម័យឌីជីថល ចន្លោះទំនេរនៃព័ត៌មាននឹងមិនស្ថិតនៅទទេបានយូរនោះទេ។ នៅពេលដែលព័ត៌មាន ផ្លូវការត្រូវបានពន្យារពេល ពាក្យចចាមអារ៉ាម និងការកែច្នៃនឹងចូលមកជំនួសកន្លែងនោះ។ ដូច្នេះស្ថាប័នសាធារណៈមានកាតព្វកិច្ចទំនាក់ទំនងឱ្យបានទាន់ពេលវេលា ច្បាស់លាស់ មានភាពស៊ីសង្វាក់គ្នា ត្រឹមត្រូវ គួរឱ្យជឿជាក់ និងងាយទទួលបាន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា អ្នកសារព័ត៌មាន និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ គឺជាដៃគូដែលមិនអាចខ្វះបានក្នុងការកសាងទំនុកចិត្តសាធារណៈ។ ការផ្ទៀងផ្ទាត់ប្រភព ការផ្ទៀងផ្ទាត់ការពិត ភាពត្រឹមត្រូវ បរិបទ ក្រមសីលធម៌វិជ្ជាជីវៈ និងការកែតម្រូវទាន់ពេលវេលា នៅតែជាគោលការណ៍គ្រឹះនៃសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ។ ដូច្នេះ សាររបស់យើងគឺសាមញ្ញ៖ «ផ្ទៀងផ្ទាត់មុននឹងផ្សាយ ផ្ទៀងផ្ទាត់មុននឹងចែករំលែក»។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ប្រជាពលរដ្ឋ ត្រូវចេះឆ្ងល់ និងចោទសួរនៅពេលជួបព័ត៌មានដែលសង្ស័យ វាយតម្លៃប្រភព កំណត់អត្តសញ្ញាណមាតិកាកែច្នៃ និងសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ មុននឹងចែករំលែក។ យុវជន សិស្ស-និស្សិត សហគមន៍នៅតំបន់ជនបទ និងតាមព្រំដែន និងក្រុមមនុស្សដែលពិបាកក្នុងការទទួលបានព័ត៌មានផ្លូវការ គួរត្រូវបានផ្តោតជាពិសេស។ ប្រជាពលរដ្ឋដែលទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ គឺជាដៃគូដ៏សំខាន់ក្នុងការការពារសុចរិតភាពព័ត៌មាន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) មិនត្រូវបានមើលឃើញត្រឹមតែជាការគំរាមកំហែងនោះទេ។ ប្រសិនបើប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ AI អាចជួយដល់ការតាមដាន ការផ្ទៀងផ្ទាត់ ការពិនិត្យការពិត និងការស្វែងរកមាតិកាកែច្នៃ។ AI ត្រូវតែជាផ្នែកនៃដំណោះស្រាយចំពោះវិបត្តិព័ត៌មាន មិនមែនជាឧបករណ៍ជំរុញវាឱ្យកាន់តែធ្ងន់ធ្ងរនោះទេ។ ជាមួយគ្នានេះ គោលការណ៍របស់យើងនៅតែច្បាស់លាស់៖ AI គួរតែគាំទ្រ មិនមែនជំនួសការវិនិច្ឆ័យបែបវិជ្ជាជីវៈ និងការទទួលខុសត្រូវរបស់មនុស្សឡើយ។ តម្លាភាព ការពារផ្នែកក្រមសីលធម៌ គណនេយ្យភាព និងការត្រួតពិនិត្យដោយផ្ទាល់ពីមនុស្សនៅតែជាកត្តាមិនអាចខ្វះបាន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា គឺជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយនឹងការប្តេជ្ញាចិត្តរបស់យើងក្នុងនាមជាសមាជិកអាស៊ាន។ អាស៊ាន បានបង្កើតគ្រឹះដ៏សំខាន់តាមរយៈ សក្របខ័ណ្ឌ និងសេចក្តីថ្លែងការណ៍រួមអាស៊ាន ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃព័ត៌មានក្លែងក្លាយ គោលការណ៍ណែនាំអាស៊ាន ស្តីពីការគ្រប់គ្រងព័ត៌មានរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មានក្លែងបន្លំនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ចក្ខុវិស័យរដ្ឋមន្ត្រីព័ត៌មានអាស៊ាន ឆ្នាំ២០៣៥ សេចក្តីថ្លែងការណ៍កួឡាឡាំពួរ ស្តីពីការប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាពនិងការទទួលខុសត្រូវសម្រាប់អាស៊ាន និងផែនការសកម្មភាពអាស៊ានសម្រាប់ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ឆ្នាំ២០២៦-២០៣៥។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងបន្តថា ឯកសារអាស៊ានទាំងនេះ បានចង្អុលបង្ហាញរួមគ្នានូវទិសដៅតែមួយ៖ ការទំនាក់ទំនងដែលត្រឹមត្រូវនិងទុកចិត្តបាន ការយល់ដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងឌីជីថល តម្លាភាពនិងគណនេយ្យភាព ការគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ ការឆ្លើយតបប្រកបដោយការទទួលខុសត្រូវចំពោះគ្រោះថ្នាក់ឌីជីថល និងភាពធន់មាំនៃសង្គម។ តាមរយៈក្របខ័ណ្ឌតំបន់ និងសកលលោកទាំងនេះ មានគោលការណ៍មួយកាន់តែច្បាស់ឡើង៖ សុចរិតភាពព័ត៌មានមិនអាចកសាងឡើងដោយស្ថាប័នតែមួយ ប្រទេសតែមួយ ឬវិស័យតែមួយនោះឡើយ វាទាមទារឱ្យមានការទទួលខុសត្រូវរួមគ្នា៕






