សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
(កណ្ដាល)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលប្រជាជនកម្ពុជាប្រសិទ្ធនាមថា «មាតាមនុស្សធម៌» ហើយក៏ជាកុលធីតាខ្មែរដ៏គំរូសម្រាប់កូនចៅប្រុសស្រីគ្រប់ៗរូប នៅព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៦នេះ បានចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ដឹកនាំសហការី បូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ទៅវេរប្រគេនចំពោះព្រះសង្ឃដែលគង់នៅវត្ដប្រជុំនទី (ហៅក្រពើហា) ស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
វត្ដប្រជុំនទី (ហៅក្រពើហា) ជាវត្ដអារាមមួយដែលមានព្រះសង្ឃគង់ប្រចាំជាង៣០០អង្គ សិក្សារៀនសូត្រ គោរពប្រតិបត្ដិព្រះពុទ្ធសាសនា និងផ្សព្វផ្សាយពុទ្ធឱវាទរបស់ព្រះពុទ្ធ ជូនដល់ប្រជាជន ពុទ្ធបរិស័ទ គ្រប់ស្រទាប់វណ្ណៈ ពិសេសមានពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា សម្រាប់បំពេញវិជ្ជាដល់សាមណសិស្សជាច្រើនរយអង្គក្នុងមួយឆ្នាំៗ ដែលបច្ចុប្បន្នមានព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះលេខាធិការគណខេត្តកណ្តាល ព្រះនាយកពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្ត។
ដូច្នេះទឹកចិត្ដដ៏ថ្លៃថ្លា មហាសប្បុរសរបស់មាតាមនុស្សធម៌ ដែលបានចាត់តំណាងនាំយកនូវទេយ្យវត្ថុប្រគេនព្រះសង្ឃខាងលើនេះ គឺជាការបណ្ដុះនូវទឹកចិត្ដមេត្តា ករុណា ជួយយកអាសារ ពិសេសការគោរពប្រតិបត្ដិយ៉ាងខ្ជាប់ខ្ជួនក្នុងនាមជាពុទ្ធសាសនូបត្ថម្ភមួយរូប ដែលជួយជ្រោយព្រះពុទ្ធសាសនា ជាសាសនារបស់ផង និងបានជួយផ្គត់ផ្គង់នូវចង្ហាន់ និងបច្ច័យសម្រាលដល់បន្ទុករបស់វត្ដអារាមផងដែរ។
ចំពោះការចាត់តំណាងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅប្រជុំនទី ហៅវត្តក្រពើហានេះ គឺសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែធ្វើជារៀងរាល់ឆ្នាំក្នុងមួយឆ្នាំ៣ដង មានទាំងនៅក្នុងរដូវវស្សា ជារដូវមួយដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវនេះមានភ្លៀងធ្លាក់ជោគជាំ និងរដូវកាលផ្សេងៗទៀត ក៏សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់តំណាងនាំយកទេយ្យវត្ថុមកប្រគេនដល់សង្ឃនៅក្នុងវត្ដអារាមមួយនេះ មិនដែលដាច់នោះដែរ។
សម្រាប់នាឱកាសព្រឹកនេះ ដែលគៀកនឹងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជិតឈានមកដល់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកនូវទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា ដែលមានបច្ច័យចំនួន ៤០លានរៀល, អង្ករ ៥តោន, មី ៥០កេស, ត្រីខ ៥កេស, ស្ករស ២៥គីឡូក្រាម, ទឹកភេសជ្ជៈចំរុះ ២០កេស, ទឹកបរិសុទ្ធ ២០កេស, ទឹកដោះគោខាប់ ២កេស, កាហ្វេហ្គោរ៉ូស ១០កញ្ចប់, តែ ២គីឡូក្រាម, ទឹកត្រី ២០យួរ, ទឹកស៊ីអ៊ីវ ២០យួរ, ត្រីងៀត ១២គីឡូក្រាម, សាច់ក្រក ១២គីឡូក្រាម និងផ្លែឈើ ស្រស់ ១កន្ត្រក ។ ជាមួយគ្នានេះបាន ប្រគេនព្រះចៅអធិការវត្ត នូវសាដក ១ និងបច្ច័យ ២លានរៀល និងបានប្រគេនព្រះសង្ឃគង់អម ៤អង្គ ក្នុងមួយអង្គៗ សាដក១ និងបច្ច័យ ១លានរៀល។ ក្នុងនោះក៏បានជូនលោកតាអាចារ្យធ្វើកិច្ច ក្នុងម្នាក់ៗទទួលបាន ក្រណាត់ស១ដុំ ថវិកាមួយចំនួន។
នាឱកាសនោះ ព្រះចៅអធិការវត្ដប្រពើហារ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្ដ និងបេះដូងមនុស្សធម៌ដ៏មហាធំធេងគ្មានអ្វីអាចផ្ទឹមបានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដែលតែងតែផ្ដល់នូវការគិតគូរមិនរំលងនោះឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត គឺតែងបានជួយផ្ដល់នូវការមេត្ដា ករុណា អាណិត ស្រលាញ់ និងជួយយកអាសារដល់ប្រជាជនកូនចៅប្រុសស្រីគ្រប់រូប ដែលជួបទុក្ខលំបាក ពិសេសជនងាយរងគ្រោះបំផុត។ សម្រាប់នៅក្នុងវិស័យព្រះពុទ្ធសាសនា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត គឺជាពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លាក្រៃលែង ក្នុងការជួយទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឱ្យរុងរឿងរីកចម្រើន។
ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ក៏បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងនោះសូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន ព្រមទាំងញាតិទាំង៧សណ្ដាន ដែលបានទៅកាន់បរលោក។
សូមជម្រាបថាវត្តប្រជុំនទី ហៅវត្តក្រពើហា មិនត្រឹមតែជាទីគោរពសក្ការៈសម្រាប់ពុទ្ធបរិស័ទគ្រប់ទិសទីប៉ុណ្ណោះទេ ថែមទាំងជាថ្នាលបណ្តុះបណ្តាលពុទ្ធិដល់សាមណសិស្សទាំងអស់ ពិសេសសាមណសិស្សគង់ក្នុងវត្ដជាង ៣០០អង្គ ដែលងាយរងនឹងការខ្វះខាតចង្ហាន់ និងការចំណាយផ្សេងៗលើការសិក្សារៀនសូត្រ ។ដូច្នេះហើយទើបសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួយឧបត្ថម្ភនូវបច្ច័យ និងទេយ្យវត្ថុជាប់ជានិច្ច ដោយក្នុងមួយឆ្នាំ៣ដង ដែលទឹកចិត្ដសណ្ដោសប្រណីរដ៏មហាធំធេងរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺបានជួយទំនុកបម្រុងដល់ព្រះសង្ឃផង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនា ឱ្យបានគង់វង្ស៕


















































