ជនសង្ស័យ ២នាក់ ផ្លោះរបងតុលាការខេត្តកំពង់ស្ពឺ រត់គេចទាំងដៃជាប់ខ្នោះ(ដាក់ម្ខាងម្នាក់) រត់បាត់ស្រមោល ពេលបញ្ជូនខ្លួនទៅអយ្យការដើម្បីសួរនាំ
កំពង់ស្ពឺ៖ ជនសង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន ២នាក់ បានផ្លោះរបងសាលាដំបូងខេត្តកំពង់ស្ពឺ រត់បាត់ស្រមោល ក្រោយមន្ត្រីនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបញ្ជូនខ្លួនទៅកាន់អយ្យការដើម្បីសួរនាំ។ករណីនេះបានកើតឡើងនៅ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាដំបូងខេត្តកំពង់ស្ពឺ។
ជនសង្ស័យដែលបានរត់គេច ជាប់ពាក់ព័ន្ធនឹងបទល្មើសលួច និងប្លន់។ ជនសង្ស័យបានផ្លោះរបងខាងក្រោយអគារសាលាដំបូងជាប់និងបន្ទប់ទឹក រត់គេចទាំងដៃជាប់ខ្នោះ(ដាក់ម្ខាងម្នាក់)បាត់ស្រមោល។
ជុំវិញការធ្វេសប្រហែសបណ្តោយជនសង្ស័យ២នាក់រត់គេចខ្លួននេះ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រាប់នៅរសៀលថ្ងៃដដែលនេះថា កម្លាំងជំនាញបាននិងកំពុងដុតដៃដុតជើងក្នុងការស្វែងរក ដើម្បីចាប់ខ្លួនបញ្ជូនមកទទួលទោសវិញ ប៉ុន្តែគិតមកទល់ម៉ោងនេះនៅមិនទាន់អាចនាំខ្លួនជនសង្ស័យបាននៅឡើយទេ។
ពាក់ព័ន្ធនឹងជនសង្ស័យរត់នេះ ប្រជាពលរដ្ឋនៅក្បែរនោះបានឱ្យដឹងថា មិនមែនកើតមានឡើងតែមួយលើកនោះទេ កន្លងមកក៏ធ្លាប់កើតមានដែរ ដែលការធ្វេសប្រហែសរបស់មន្ត្រីនគរបាលជំនាញក្នុងការគ្រប់គ្រង និងការពារជនសង្ស័យពេលបញ្ជូនទៅតុលាការ៕






