រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ កម្ពុជា ត្រូវបានអន្តរជាតិទទួលស្គាល់ជាប្រទេសខិតខំបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
កម្ពុជា ត្រូវបានអន្តរជាតិទទួលស្គាល់ជាប្រទេសខិតខំបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមប្រសាសន៍ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទអន្តជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅរសៀលថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
ឯកឧត្តម នេត្រ ភក្រ្តា បានបន្តថា នៅក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រាជរដ្ឋាភិបាលបានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ក្រោមការបញ្ជាផ្ទាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ហើយការបង្រ្កាបនេះ ចែកចេញជាបីកម្រិតរួមមាន៖ទី១.កម្រិតក្របខណ្ឌនៃគណៈបញ្ជាការឯកភាពថ្នាក់រាជធានី-ខេត្ត ទី២.កម្រិតក្រសួងមហាផ្ទៃ និងទី៣.គណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តមបន្តថា ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ កម្ពុជាមានសកម្មភាពខ្លាំងក្លាក្នុងការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរហូតមកដល់ពេលនេះ យើងអាចនិយាយបានថា ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធំៗចំនួន៨៦កន្លែង ត្រូវបានបង្រ្កាបអស់ហើយ ដែលទីតាំងធំៗទាំងអស់នេះ កម្ពុជាបានធ្វើការស្រាវជ្រាវ ហើយនឹងរបាយការណ៍ពីអង្គការក្រៅរដ្ឋាភិបាល ក៏បានបញ្ជាក់អំពីទីតាំងធំៗទាំងអស់នេះដែរ ដូច្នេះយើងអាចនិយាយបានថា ទីតាំង Scams ធំៗនៅកម្ពុជាយើងបានបង្រ្កាប និងបំបាត់អស់ហើយ ប៉ុន្តែយើងនៅតែបន្តទប់ស្កាត់បទល្មើសឆបោកតូចៗបន្ថែមទៀត។ ហើយបច្ចុប្បន្ននេះកម្ពុជាត្រូវបានអន្តរជាតិទទួលស្គាល់ជាប្រទេសខិតខំប្រឹងប្រែងបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តម ម៉ុក ច័ន្ទសុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអនុគណៈកម្មការខ្លឹមសារនៃសន្និសីទអន្តជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានថ្លែងថា តាមការពឹងទុកក្រោយបញ្ចប់សន្និសីទអន្តជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងផ្តល់នូវក្របខ័ណ្ឌសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចែករំលែកព័ត៌មាន ការកសាងសមត្ថភាព ការបង្ការ ការអនុវត្តច្បាប់ ការការពារជនរងគ្រោះ និងការឆ្លើយតបស្របគ្នាចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែនដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។
គួរបញ្ជាក់ដែរថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវរៀបចំឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ពិធីបើកជាផ្លូវការនៃសន្និសីទអន្តរជាតិនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សន្និសីទអន្តជាតិនេះរៀបចំឡើងក្នុងគោលបំណងចំនួន៣រួមមាន៖ គឺ៖ទី១.ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការវិវត្តនៃប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញរបស់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទី២. ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការសម្របសម្រួល និងភាពជាដៃគូពហុភាគី ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ៣. លើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍ និងបង្កើតការអំពាវនាវឱ្យមានសកម្មភាពរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។






