ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
(បាងកក)៖ នារសៀលថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្បួនរថយន្តធុនធំ ដែលដឹកជញ្ជូនកងកម្លាំងសន្តិសុខថៃ បានស្ថិតក្រោមការវាយប្រហារ នៅស្រុក Sukhirin ខេត្ត Narathiwat បន្ទាប់ពីក្រុមជនសង្ស័យទំនងជាពួកសកម្មប្រយុទ្ធ បានបំផ្ទុះគ្រាប់បែកបង្កៃនៅដងផ្លូវ ហើយបើកការបាញ់រះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។
ហេតុការណ៍ខាងលើ បានកើតឡើងនៅម៉ោងជាង៣រសៀល ខណៈបើតាមសេចក្តីរាយការណ៍បឋម គ្រាប់បែកបង្កៃបានផ្ទុះចំរថយន្តធុនធំមួយគ្រឿង ដែលដឹកសមាជិកកងកម្លាំង Territorial Defence Volunteers ប្រចាំស្រុក Sukhirin ហើយក្រោយមក ក៏មានការផ្ទុះអាវុធ និងបាញ់ប្រហារតបតគ្នា។ កងកម្លាំងសន្តិសុខ និងអង្គភាពគាំទ្រ ត្រូវបានបញ្ជូនភ្លាមៗទៅកាន់ កន្លែងកើតហេតុ ដើម្បីជួយធានាសន្តិសុខឡើងវិញ នៅទីនោះ។ ដោយឡែក ព័ត៌មានលម្អិតជាក់លាក់ ជុំវិញចំនួនអ្នករងគ្រោះ ឬទំហំនៃការខូចខាត នៅមិនទាន់ដឹងច្បាស់ទេ។
គួរបញ្ជាក់ថា ខេត្ត Narathiwat ស្ថិតក្នុងចំណោមខេត្តសរុបចំនួន៤ នៅភាគខាងត្បូងប្រទេសថៃ ដែលត្រូវបានអង្រួនដោយអំពើហិង្សា ប្រព្រឹត្តដោយក្រុមឧទ្ទាមចង់បំបែករដ្ឋ អស់រយៈពេលប្រមាណជា ២ទសវត្សរ៍មកហើយ និងបានផ្តាច់ជីវិតមនុស្សសរុបរាប់ពាន់នាក់៕






