កំហឹងប្រជាពលរដ្ឋជាច្រើនគ្រួសារផ្ទុះឡើងយ៉ាងខ្លាំង ដោយពួកគាត់បានប្រមូលផ្តុំគ្នានៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួង ក្រុងអរិយក្សត្រ ស្រែកទាមទារឲ្យផ្តន្ទាទោស “ចោរលួចយ៉ាងសកម្ម” តាមច្បាប់ និងឈប់សម្តែង

ខេត្តកណ្តាល៖ កំហឹងប្រជាពលរដ្ឋជាច្រើនគ្រួសារបានផ្ទុះឡើងយ៉ាងខ្លាំង ដោយពួកគាត់បានប្រមូលផ្តុំគ្នានៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួង ក្រុងអរិយក្សត្រ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងសម្រាលទោសឲ្យជនសង្ស័យដែលជាចោរលួចផលដំណាំយ៉ាងសកម្ម និងបង្កការក្តៅក្រហាយក្នុងមូលដ្ឋានអស់រយៈពេលជាង ៣ ឆ្នាំមកហើយនោះ។
ដើមហេតុដែលធ្វើឲ្យមហាជន និងប្រជាកសិករដាំឈូកផ្ទុះកំហឹងកាន់តែខ្លាំង គឺបន្ទាប់ពីមានការផ្សព្វផ្សាយបំភ្លៃនៅលើបណ្តាញសង្គម ដោយព្យាយាមលាងសម្អាតកំហុស និងបង្វែររូបភាពពី “ចោរលួចយ៉ាងសកម្ម” ឲ្យក្លាយទៅជា “ជនរងគ្រោះ” ទៅវិញ។ ការសម្តែងធ្វើជាជនស្លូតត្រង់នៅលើបណ្តាញសង្គមនេះ ត្រូវ បានប្រជាពលរដ្ឋចាត់ទុកថាជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះសេចក្តីសុខសាន្ត និងការខិតខំប្រឹងប្រែងរកស៊ីដោយញើសឈាមរបស់ពួកគាត់។

លោក ច្រឹង លួត អាយុ ៤៥ ឆ្នាំ ដែលជាជនរងគ្រោះផ្ទាល់ និងត្រូវគេលួចបេះផ្លែឈូកអស់រហូតដល់ ៤០ អា កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា បានទម្លាយទាំងកំហឹងថា ជនសង្ស័យរូបនេះមានមុខរបរជាចោរយ៉ាងពិតប្រាកដ ដោយមានទម្លាប់ “យប់លួច ថ្ងៃដេក” និងបានប្រព្រឹត្តអំពើចោរកម្មបែបនេះយ៉ាងព្រហើន គ្មានកោតខ្លាចច្បាប់អស់រយៈពេល ៣ ឆ្នាំមកហើយ។ ជនសង្ស័យឈ្មោះ ឃឿន សារឿន អាយុ ៤២ ឆ្នាំ រូបនេះ គ្មានចំការឈូកសូម្បីតែមួយម៉ែត្រការ៉េ ប៉ុន្តែបែរជាមានផ្លែឈូកដឹកតាមទូកយកទៅលក់ជារៀងរាល់ថ្ងៃ ដែលជាភស្តុតាងស្តែងៗគ្មានផ្លូវកែប្រែបានឡើយ។
ស្រដៀងគ្នានេះដែរ លោកស្រី បឿន សុភាព អាយុ ៦២ ឆ្នាំ និងប្រជាពលរដ្ឋជាច្រើនទៀត បានសម្តែងការឈឺចាប់ដែលទ្រព្យសម្បត្តិប្រើប្រាស់ក្នុងចំការ ដូចជា ប្រេងម៉ាស៊ីន, ប្រេងម៉ាស៊ុត, អាគុយ, សូឡា, មាន់ និងផ្លែឈូក ត្រូវ បានជនសង្ស័យរូបនេះលួចស្ទើរតែរៀងរាល់យប់។ អ្នកភូមិបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា ពួកគាត់ មិនត្រូវការជំនួយ ឬអំណោយសប្បុរសធម៌ ដើម្បីជាថ្នូរនឹងការដោះលែងចោរលួចរូបនេះឲ្យមកបង្កការភ័យខ្លាចក្នុងភូមិសារជាថ្មីនោះឡើយ។
ប្រជាពលរដ្ឋបានសង្កត់ធ្ងន់ថា បណ្តាញសង្គមមិនត្រូវចាញ់បោកការសម្តែងឈុតឆាកកម្សត់ និងការឆ្លើយដោះសារក្រឡេចក្រឡុចរបស់ជនសង្ស័យ ដែលអះអាងថា “ចូលបេះត្រកួន ហើយស្មានថាគេបោះបង់ចំការចោល” នោះទេ។ នេះជាការដោះសារដើម្បីគេចវេះពីសំណាញ់ច្បាប់ទាំងបំពាន។
ប្រជាពលរដ្ឋរាប់សិបនាក់កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត និងទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ អនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត និងផ្តន្ទាទោសជនសង្ស័យ ឃឿន សារឿន ឲ្យធ្ងន់ធ្ងរទៅតាមកម្រិតបទល្មើសដែលរូបគេបានប្រព្រឹត្តមកលើប្រជាពលរដ្ឋជាច្រើនឆ្នាំ ដើម្បីកុំឲ្យជននេះចេញមកធ្វើព្យុះធ្វើភ្លៀងក្នុងសង្គមបានទៀត៕

You might also like