លោក តាំង សុផាត អគ្គនាយករង អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពការងារសាងសង់ប្រព័ន្ធធារាសាស្ត្រ សម្រាប់សហគមន៍កសិកម្មទំនើបសំបូរមានជ័យ ក្នុងខេត្តកំពង់ចាម
លោក តាំង សុផាត អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសគម្រោង ចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ជូនដល់សហគមន៍កសិកម្មទំនើបសំបូរមានជ័យ ស្ថិតនៅក្នុងឃុំសូរភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនេះ ស្ថិតក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP-MOWRAM) ទទួលបានហិរញ្ញប្បទានពីធនាគារពិភពលោក (WB) ហើយត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ ការងាររួមមាន៖ ការស្តារអាងទឹកទួលមាស សាងសង់សំណង់បង្ហៀរទំនប់ថ្មី ប្រឡាយបេតុង ប៉មទឹក ស្ថានីយបណ្តែតបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ និងបណ្តាញទុយោមេ HDPE ប្រកបដោយគុណភាព និងបទដ្ឋានបច្ចេកទេសខ្ពស់។
ក្នុងឱកាសនោះ លោក តាំង សុផាត បានវាយតម្លៃខ្ពស់លើគុណភាពការងារ និងណែនាំក្រុមហ៊ុនឱ្យកែលម្អចំណុចខ្វះខាតមួយចំនួន រួមមាន៖ ដាំស្មៅជើងទេរ បន្ថែមខ្លាញ់គោដៃវ៉ាន និងរៀបថ្មចុងប្រឡាយ ឱ្យរៀបរយមុនផុតសុពលភាពផ្លូវការនាចុងខែតុលា ឆ្នាំ២០២៦។ ព្រមទាំងបានស្នើឱ្យសហគមន៍ និងអាជ្ញាធររួមគ្នាថែរក្សាប្រព័ន្ធធារាសាស្ត្រនេះ សម្រាប់ប្រើប្រាស់បានយូរអង្វែង និងមាននិរន្តរភាព៕






