មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្ដសៀមរាប បានជួយសង្រ្គោះទារកអាយុទើបតែ១៣ថ្ងៃ ដែលត្រូវពស់ហនុមានចឹកបានជោគជ័យ

ទារកម្នាក់ អាយុទើបតែ ១៣ថ្ងៃ ត្រូវបាន ពស់ហនុមាន (Green Pit Viper) ចឹកចំតំបន់ក្បាល នៅផ្ទះ វេលាម៉ោង៨យប់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦ មានអាសយដ្ឋាននៅភូមិចាន់គីរី សង្កាត់ចាន់គីរី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពិសរបស់ពស់ហនុមាន (Green Pit Viper) បង្កឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធកកឈាម ប្លាកែត និងសរសៃឈាម។ វាអាចបណ្តាលឱ្យមានវិបត្តិកំណកឈាមធ្ងន់ធ្ងរ ការថយចុះនៃចំនួនប្លាកែត និងការហូរឈាមដែលអាចគំរាមកំហែងដល់អាយុជីវិត។ ប្រសិនបើមិនត្រូវបានរកឃើញ និងព្យាបាលទាន់ពេលវេលា ជាពិសេសដោយការផ្តល់ថ្នាំប្រឆាំងពិសពស់ឱ្យបានសមស្រប វាអាចបណ្តាលឱ្យមានផលវិបាកធ្ងន់ និងអាចឈានដល់ការស្លាប់។
បន្ទាប់ពីពស់ចឹក ទារកមាន ការហើម និងហូរឈាមនៅកន្លែងរបួស។ ក្រុមគ្រួសារបានប្រញាប់ប្រញាល់បញ្ជូនទារកមកកាន់ មន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅវេលាម៉ោង ១:៣០ នាទីរំលងអធ្រាត្រ ថ្ងៃទី១៦ ខែកញ្ញា។
នៅទីនេះ ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាកបានចាប់ផ្តើមព្យាបាល និងតាមដានយ៉ាងយកចិត្តទុកដាក់។ ទារកបានទទួល ថ្នាំប្រឆាំងពិសពស់ សរុបចំនួន ៦ដូស ព្រមទាំងការថែទាំ និងតាមដានជាបន្តបន្ទាប់នៅក្នុងសាលសង្គ្រោះទារក NICU។
ត្រឹមតែ ២ថ្ងៃបន្ទាប់មក នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៦ ម៉ោង ៩:០០ ស្ថានភាពទារកមានភាពប្រសើរឡើង ទារកមានសុខភាពល្អ និងអាចត្រឡប់ទៅផ្ទះបាន។ ពីពេលដែលជីវិតតូចមួយនេះកំពុងស្ថិតក្នុងគ្រោះថ្នាក់ រហូតដល់ពេលដែលទារកអាចត្រឡប់ទៅផ្ទះវិញ—វាជាការខិតខំប្រឹងប្រែងរួមគ្នារបស់ ក្រុមគ្រូពេទ្យឯកទេស គិលានុបដ្ឋាក ទារក និងក្រុមគ្រួសារ។៕

You might also like