១០ចំណុច ពីក្រសួងមហាផ្ទៃក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ
ថ្លែងក្នុងពិធីបើកវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាបន្ទាន់ក្នុងសាកលលោក» ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកគោលគំនិតចំនួន១០ចំណុច ជូនអង្គសន្និសីទអន្តរជាតិពិចារណាក្នុងន័យលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃការប្រយុទ្ធប្រឆាំង-ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ចំណុចសំខាន់ៗទាំង១០ រួមមាន ទី១.លើកកម្ពស់ការចែករំលែក និងផ្លាស់ប្តូរព័ត៌មានទាន់ពេល។ ២.បន្តពង្រឹងការស្រាវជ្រាវបណ្តាញហិរញ្ញវត្ថុ។ ៣.រឹតបន្តឹងការគ្រប់គ្រងការចេញចូលឆ្លងដែន។ ៤.លើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន។ ៥.ជំរុញការផ្លាស់ប្តូរជំនាញ បទពិសោធ បច្ចេកទេស និងការបណ្តុះបណ្តាល។ ៦.លើកកម្ពស់ការការពារជនរងគ្រោះ។ ៧.ការធ្វើសកម្មភាពរួមគ្នា និងព្រមៗគ្នាក្នុងពេលតែមួយ។ ៨.ការបង្កើតក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានយុត្តិធម៌រួមជាសកល។ ៩.ការលើកកម្ពស់ការយល់ដឹង និងអប់រំសាធារណជនជាសកល និងទី១០.ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាឆ្លាតវៃសម្រាប់បង្ក្រាបបទល្មើស។
ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកវត្តមាននៃការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងតំណាងស្ថាប័នអន្តរជាតិនានា ជាសក្ខីភាពស្តែងឱ្យឃើញយ៉ាងច្បាស់ពីសុច្ឆន្ទៈដ៏មុតមាំ និងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំង និងលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែនជាបទល្មើសសកលមួយនេះឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាបាននូវសន្តិសុខ សុវត្ថិភាព និងផលប្រយោជន៍ជូនមនុស្សជាតិក្នុងពិភពលោក។
ឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីលទ្ធផល ដែលអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានចាត់វិធានការបង្ក្រាប ដោយគិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចបង្ក្រាបបោសសម្អាតសរុបចំនួន៦៦៥ទីតាំង និងបានអនុវត្តវិធានការបង្ការតាមរយៈការចុះត្រួតពិនិត្យរដ្ឋបាលសរុបចំនួន២៨.៥១២ទីតាំង។ តាមរយៈវិធានការខាងលើនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន ២៦៨សំណុំរឿង មានជនសង្ស័យជិត ២.៧៧៣នាក់ ដែលក្នុងនោះកំពុងជាប់ឃុំ ចំនួន២.២០០នាក់ ព្រមទាំងបានបណ្តេញជនបរទេសពាក់ព័ន្ធនឹងបទល្មើសនេះចំនួន ២១.១០២នាក់ មាន៣៨សញ្ជាតិ។
ឆ្លៀតនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការរៀបចំសន្និសីទអន្តរជាតិ ស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» គឺជាសារប្រាប់ទៅក្រុមឧក្រិដ្ឋជនទាំងអស់ ឱ្យបានដឹងថា កម្ពុជា រួមជាមួយពិភពលោកទាំងមូល មិនអនុញ្ញាតឱ្យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅលើផែនដីនេះតទៅទៀតនោះឡើយ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា គ្មានជម្រកសុវត្ថិភាព គ្មានច្រកចេញសម្រាប់លំហូរប្រាក់ខុសច្បាប់ និងគ្មានការលើកលែងសម្រាប់មេខ្លោង ឬបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនណាមួយទេ។ ទោះក្នុងទម្រង់ណាក៏ដោយ ក៏ស្មារតី និងកម្លាំងសាមគ្គីភាពអន្តរជាតិ នឹងតាមបង្ក្រាបរហូតឈានទៅបញ្ចប់បទល្មើសនេះឱ្យទាល់តែបាន។
សន្និសីទនេះមានគោលបំណងសំខាន់ៗចំនួន៣ រួមមាន ទី១. ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការវិវត្តនៃប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញរបស់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទី២.ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការសម្របសម្រួល និងភាពជាដៃគូពហុភាគី ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទី៣. លើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍និងឧត្តមានុវត្តន៍ និងបង្កើតការអំពាវនាវឱ្យមានសកម្មភាពរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សន្និសីទនេះដែរ នឹងអនុម័តលើឯកសារលទ្ធផលមួយ ដែលនឹងផ្តល់នូវក្របខ័ណ្ឌសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចែករំលែកព័ត៌មាន ការកសាងសមត្ថភាព ការបង្ការ ការអនុវត្តច្បាប់ ការការពារជនរងគ្រោះ និងការសម្របសម្រួលគ្នាក្នុងការឆ្លើយតបចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែនដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា៕










