សម្តេចតេជោ ហ៊ុន សែន អរគុណសហភាពអឺរ៉ុប ដែលតែងតែជួយកម្ពុជា ជាបន្តបន្ទាប់

នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយ និងស្វាគមន៍ចំពោះឯកឧត្តមអគ្គរដ្ឋទូត ព្រមទាំងសហការីដែលបានអញ្ជើញមកកាន់វិមានសាមគ្គីភាព សម្ដេចពិតជារីករាយក្នុងការពិភាក្សាការងារជាមួយនឹងឯកឧត្តមនៅពេលនេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម ព្រមទាំងសហការីបានជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅពេលនេះ។ឯកឧត្តមបានលើកឡើងពីកិច្ចសហប្រតិបត្តិការដែលសហភាពអឺរ៉ុបបានចូលរួមចំណែកជួយដល់កម្ពុជា ដូចជាការដោះមីនជាដើម។

សម្ដេចតេជោក៏បានអរគុណសហភាពអឺរ៉ុបដែលតែងតែជួយដល់កម្ពុជាជាបន្តបន្ទាប់ ដូចជាការដោះមីននៅក្នុងប្រទេសកម្ពុជាជាដើមនោះ។ សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបក៏បានជជែកផ្លាស់ប្ដូរយោបល់គ្នាទៅលើបញ្ហាតំបន់ ក៏ដូចជាបញ្ហាពិភពលោកមួយចំនួនផងដែរ។

ចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការងារនាពេលបន្តបន្ទាប់ទៀត៕

You might also like