ជម្លៀសពលរដ្ឋនៅតាមមាត់អូរព្រំដែនទៅរកទីទួលសុវត្ថិភាព បន្ទាប់ពីទឹកអូរហក់ឡើងខ្លាំង
ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែតកំពុងតែមមាញឹកទាំងភ្លៀងរលឹមជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃបណ្ដាលឲ្យជន់លិចតាមតំបន់ និងមាត់អូរព្រំដែន ស្របពេលជាមួយគ្នានោះដែរអាជ្ញាធរសៀមក៏បានជូនដំណឹងអំពីការបង្ហូរទឹកពីស្រុកអារញ្ញ ខេត្តស្រះកែវផងដែរ។
តាមសេចក្ដីរាយការណ៍ពីស្ថានការណ៍ទឹកភ្លៀងពីអាជ្ញាក្រុងប៉ោយប៉ែតបានឱ្យដឹងបន្ថែមថា ក្រុមការងារអាជ្ញាធរក្រុងរួមជាមួយអាជ្ញាធរភូមិនិងប្រជាការពាទាំងអស់នៅក្នុងក្រុងប៉ោយប៉ែតបានបើកទ្វារទឹកជាច្រើនកន្លែងមកហើយដើម្បីគ្រប់គ្រងស្ថានការណ៍និងបញ្ជៀសហានិភ័យផ្សេងៗជូនពលរដ្ឋ ប៉ុន្តែដោយសារស្ថានភាពទឹកភ្លៀងផ្ទួនៗគ្នាបូករួមខាងភាគីថៃបានបញ្ចេញទឹកក្នុងអាងស្តុករបស់គេមកអូរព្រំដែនបណ្ដាលឲ្យជន់លិចភូមិរួមទាំងផ្លូវមួយចំនួន តែទោះជាយ៉ាងណាក្រុមការងារក្រុងបានយកចិត្តទុកដាក់បញ្ហាខាងលើនេះផងដែរ។
លោកញឹម ភឿង អភិបាលរងក្រុងប៉ោយប៉ែតមានប្រសាសន៍នៅរសៀលនេះថា ចំពោពលរដ្ឋដែលរស់នៅប្របតាមមាត់អូរព្រំដែនកម្ពុជា-ថៃនៅក្រុងប៉ោយប៉ែត ក្រុមការងាររួមជាមួយសមត្ថកិច្ចទាំងបីស្ថាប័នកំពុងតែមមាញឹកដឹកជញ្ជូនពលរដ្ឋរងគ្រោះតាមទូកស្មាច់និងជញ្ជូនដោយកម្លាំងផង ធ្វើតាមអ្វីដែលអាចធ្វើទៅបានដើម្បីស្ថិរភាពយើងនឹងធ្វើគ្រប់ទម្រង់។
លោកបន្តថា ពលរដ្ឋដែលរងគ្រោះខាងលើក្រុមការងារដឹកជញ្ជូនដាក់ចំនួន4ទីតាំង ក្នុងនោះមានដូចជាៈ
1-ទីតាំងឡុងសំណាង ឋិតក្នុងភូមិគីឡូម៉ែត្រលេខបួនចំនួន៥០គ្រួសារ។
2-ទឺតាំងភោជនីយជ្ឋានអង្គរជាយដែនមានចំនួន១៣០គ្រួសារ
3-វត្តប៉ាលិលេយ្យចំនួន១៤០គ្រួសារឋិតក្នុងភូមិក្បាលស្ពាន។
4-ដោយឡែកទីតាំងមួយទៀតគីសាលារៀនព្រហ្មមិត្តឋិតក្នុងភូមិក្បាលស្ពានចំនួន៥០គ្រួសារ។
លោកបញ្ជាក់ថា រហូតមកដល់រសៀលម៉ោង២ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៦នេះក្រុមការងារក្រុងនៅតែបន្តជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ព្រោះមេឃនៅតែបន្តមានភ្លៀងធ្លាក់រហូតមិនទានរាំងនៅឡើយ៕






